header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះមហាក្សត្រ សម្រេចដោះដូរតំណែងចៅហ្វាយខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញ ឥឡូវលេចចេញព័ត៌មានដោះដូរតំណែងចៅហ្វាយខេត្តឧត្តរមានជ័យមួយទៀត។ លោក ប៉ែន កុសល្យ ដែលជាអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវផ្ទេរឲ្យទៅអានកាសែតនៅក្រសួងមហាផ្ទៃ។

យោងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្ទេរភារកិច្ចលោក ស ថាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ចំណែកលោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

ព្រះរាជក្រឹត្យនេះ ទើបត្រូវបានធ្លាយដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះប៉ុណ្ណោះ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញ ព្រះមហាក្សត្រ ទើបបានត្រាស់បង្គាប់តែងតាំងលោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលកាន់តំណែងបានត្រឹមតែ១ឆ្នាំ៤ខែប៉ុណ្ណោះ។ លោក ជាម ច័ន្ទសោភ័ណ្ឌ គឺជាកូនប្រុសរបស់លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា។

សូមជម្រាបថា លោក ស ថាវី បានកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ អស់រយៈពេលជាង៥ឆ្នាំ គិតទាំងអាណត្តិទី២ ដែលជាអាណត្តិចុងក្រោយនេះ ពោល គឺនៅពេលចប់អាណត្តិទី១ រយៈពេល៤ឆ្នាំ លោកទើបត្រូវបានតែងតាំងជាអភិបាខេត្តសាជាថ្មី កាលពីពាក់កណ្ដាលឆ្នាំ២០១៧។

លោក ស ថាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដោយព្រះរាជក្រឹត្យ ន.ស/រ.ក.ត/០៨១៧/៥៩៥ ចេញថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post