header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្នុងភូមិល្អើនក្រើន និងភូមិល្អើនជន ស្ថិតក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលកើតមានអាការៈរាគក្អួត និងធីងធោង ចាប់តាំងពីថ្ងៃទី១ ដើមខែវិច្ឆិកានេះ បានបន្តកើនឡើងកាន់តែច្រើនដល់ចំនួន២០៣នាក់ បង្កការព្រួយបារម្ភកាន់តែខ្លាំងដល់ប្រជាពលរដ្ឋទាំងចាស់ និងក្មេង ក្នុងភូមិទាំងនេះ ជាពិសេស គឺភូមិល្អើនក្រើន មានចំនួនអ្នកកើតមានអាការៈដូចនេះ រហូតដល់១៧៩នាក់។

នេះបើតាមការបញ្ជាក់ពីលោក យន ជាង មានអាយុ៣០ឆ្នាំ ជាបងប្អូនជនជាតិដើមភាគតិចទំពួន មានតួនាទីជាអនុប្រធានភូមិល្អើនក្រើន ដែលបានរៀបរាប់ប្រាប់សារព័ត៌មានយើងដឹងនាថ្ងៃទី៩ ខែវិច្ឆកានេះ។

អនុប្រធានភូមិល្អើនក្រើនរូបនេះ បានរៀបរាប់ទៀតថា កាលពីដើមខែវិច្ឆិកានេះ ដំបូងឡើយអ្នកដែលកើតមានអាការៈដូចនេះ មានចំនួនតិចតួចនោះទេ ប៉ុន្តែរហូតដល់ថ្ងៃទី៨ម្សិលមិញនេះ ក្នុងពិធីបុណ្យសព អាការៈដូចនេះ បានបង្កកើតឡើងដល់អ្នកភូមិរហូតដល់ ចំនួន១៧៣នាក់ ហើយនៅព្រឹកថ្ងៃទី៩នេះដែរ ក៏បន្តកើនឡើងដល់ចំនួន២០៣នាក់។

អនុប្រធានភូមិ ដែលជាជនជាតិទំពួនរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីមានករណីបែបនេះកើតឡើងហើយនោះ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្រ្តីសុខាភិបាលខេត្ត ក៏បានជួយអន្តរាគមន៍ ជួយដឹកបញ្ជូនជនរងគ្រោះទាំងនោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ ដោយពុំមាននរណាម្នាក់ រងគ្រោះដល់បាត់បង់ជីវិតនោះទេ។

ទន្ទឹមហ្នឹងកើតមានករណីនេះកើតឡើងហើយនោះ អនុប្រធានភូមិល្អើនក្រើនរូបនេះ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ទីរសុខាភិបាលខេត្ត ឲ្យជួយធ្វើសិក្សាសា្រវជ្រាវ និងកោសល្យវិច័យ ថាតើមកពីបញ្ហាឲ្យពិតប្រាកដ។ ទន្ទឹមហ្នឹងការអំពាវនាវនេះ រូបលោក ក៏បានទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ ការយល់ដឹងអំពីសុវត្ថិភាពចំណី និងអនាម័យ នៅមានកម្រិត។

លោក ប៉ាវ ប៉េងហ៊ួត មានអាយុ៣៧ឆ្នាំ ជាបងប្អូនជនជាតិទំពួន រស់នៅក្នុងភូមិល្អើនក្រើន បានលើកឡើងឲ្យដឹងដែរថា កន្លងមក ក្នុងភូមិរបស់ពួកគាត់ពុំដែលកើតមានបញ្ហាដូចនេះកើតឡើងនោះទេ នេះគឺជាលើកទី១ហើយ។

ទាក់ទងទៅហ្នឹងករណីខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងតាមការសន្និដ្ឋានជាបឋមថា ជាករណីកង្វះអនាម័យម្ហូបអាហារ ខណៈដែលអ្នកភូមិទាំងពីរខាងលើ បាននាំគ្នាចូលរួមពិធីបុណ្យសព ដោយបានរៀបចំពិធីសែនព្រេងតាមបែបប្រពៃណីរបស់បងប្អូនជាតិដើមភាគតិច ដោយមានការចម្អិនអាហារដោយការកាប់ក្របី និងម្ហូបចំណីផ្សេងទៀត ដើម្បីស្រស់ស្រូបអាហារជុំគ្នានាពិធីបុណ្យសពនោះ។

ទន្ទឹមហ្នឹងនោះ ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ ដោយចាំបាច់ត្រូវតែអនុវត្តន៍ឲ្យបានជាប្រចាំនូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post