header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន២នាក់ បានសន្លប់ស្ដូកស្ទឹងកណ្ដាលផ្លូវ បន្ទាប់ពីស្រវឹងស្រាស្រឿងៗ ជិះម៉ូតូធំ XR ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវភ្លោះ ក៏ជ្រុលទៅបុកចំទ្វាររថយន្ត LEXUS-RX330 ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង​ បណ្តាលឲ្យអ្នកបើកម៉ូតូបោកផ្ទប់ជាមួយរថយន្ត រីឯអ្នកជិះពីក្រោយខ្ទាតផ្លោងទៅមុខ២ម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវភ្លោះ មុខមន្ទីរពេទ្យ​ព្រះអង្គឌួង ផ្លូវព្រះនរោត្តម​ កែងផ្លូវព្រះអង្គឌួង​ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ថា នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ បើករថយន្ត LEXUS RX-330 មួយគ្រឿង​ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ​ 2F-9736 ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ​ពីលិចមកកើត​ ខណៈដែលមកដល់ចំណុចកើតហេតុ​ រថយន្តបានបើកឆ្លងស្តុបបានជិតផុតហើយ​ ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូធំមួយគ្រឿង​ ម៉ាក XR ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 1GS-1422 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ពីត្បូងមកជើង​ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវភ្លោះ ទើបជ្រុលទៅបុកចំទ្វាររថយន្តខាងលើ ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង​ បណ្តាលឲ្យអ្នកបើកម៉ូតូបោកផ្ទប់ជាមួយរថយន្ត រីឯអ្នកជិះពីក្រោយខ្ទាតផ្លោងទៅមុខ២ម៉ែត្រ សន្លប់ស្ដូកស្ដឹងទាំង២នាក់ ទើបគាត់​បោះដៃតាមវិទ្យុទាក់ទងហៅរថយន្តសង្គ្រោះចុះមកយកជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យផង។

សមត្ថកិច្ចខាងលើបន្តថា មួយសន្ទុះក្រោយមកមានរថយន្ត​សង្គ្រោះគ្លីនិកឯកជន​មកដល់កន្លែងកើតហេតុ​ ហើយជនរងគ្រោះទាំង២នាក់​ ក៏បានដឹងខ្លួនឡើង​ ចំណែកអ្នកជិះពីក្រោយបានសួរសមត្ថកិច្ច និងអ្នកសារព័ត៌មានថា​ រូបគាត់កើតអីបានមកសម្ភាសន៍​ សួរនាំច្រើនម៉្លេះ​ ទើបសមត្ថកិច្ចប្រាប់វិញថា ប្អូនជិះម៉ូតូឌុបគ្នាលឿនពេកទៅបុកជាមួយរថយន្តបណ្ដាលឲ្យសន្លប់ទាំង២នាក់​ តែបុរសនោះមិនទាន់ជឿទេ​ ទើបអ្នកសារព័ត៌មានបានបង្ហាញវិដេអូដែលសន្លប់​នោះឲ្យបុរសនោះមើល​ ហើយនៅតែមិនចង់ជឿទៀត​ ទាល់តែប្រាប់ថា ​បើមិនជឿមើលអាវរបស់បងទៅប្រលាក់សុទ្ធតែដី​ ដល់ពេលឃើញដូច្នេះ ទើបទទួលស្គាល់ថា ខ្លួនឯងសន្លប់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះពិតមែន។ រីឯបុរសដែលជាអ្នកបើកម៉ូតូ បានរបួសធ្ងន់ មានឈាមកកក្នុងភ្នែក​ និងបាក់ឆ្អឹងកដខាងស្ដាំផងដែរ តែអ្នកទាំង២នាក់​ មិនព្រមឡើងរថយន្តសង្គ្រោះនោះទេ​។ ទើបអ្នកបើករថយន្តសង្គ្រោះនោះប្រាប់ឲ្យក្រុមការងារ​យកឧបករណ៍​មកជួយអបឆ្អឹងកដៃនោះ​បណ្ដោះអាសន្នសិន។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំង២​ ធ្វើការ​ចរចា​រគ្នា​មួយជំហានសិន និង​ដាស់តឿនឲ្យឡើងរថយន្តសង្គ្រោះបន្ទាន់ដឹកទៅពេទ្យសិនដែរ​ តែជនរងគ្រោះ​នៅតែប្រកែកមិនព្រមទៅ​ ខណៈដែលភាគីរថយន្ត​ទារសំណងជួយត្រឹម១៥០ដុល្លារ សម្រាប់ជួសជុលរថយន្តដែលខូចនោះ រីឯជនរងគ្រោះទាំងពីរនាក់បានព្យាយមទាក់ទងទៅគ្រួសារអោយចុះមកកន្លែងកើតហេតុ​ ដើម្បីឲ្យមកជួយដោះស្រាយផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post