header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​សុក្រ​ ១៥រោច​ ខែ​កត្ដិក​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទ​រវាង​តំណាង​ចែកចាយ​ នឹង​ក្រុម​ហ៊ុន​ ប៊ី​អេចអាយភី​ (Bhip) ហុង​កុង​ លីមីធីត​ (ខេមបូឌា​)​ ។

កិច្ចប្រជុំនេះដែរ ក៏មានការ​ចូលរួម​ពីលោក​ ខេង​ គឹម​សាន​ ប្រធាន​​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​ លោក​ សាយ​ វុទ្ធា​ ប្រធាន​ការិយាល័យ​ការងារ​ ខណ្ឌ​មានជ័យ​ លោក​ គង់​ គា​ អធិការ​រង​​ខណ្ឌ​មានជ័យ (ទទួលបន្ទុក​អន្តរាគមន៍​)​ លោក​ ភិន​ ផល​ ប្រធាន​ផ្នែក​អន្តរាគមន៍​ នគរបាល​ខណ្ឌ​មានជ័យ​ លោក​ យុទ្ធ​ នី​ មេបញ្ជាការ​រងកង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​  តំណាង​ចៅសង្កាត់​បឹង​ទំពុន​ទី១ លោកស្រី​ ស៊ឹម​ សុខសាន្ត​ ម្ចាស់​អគារ​ លោក​ស្រី​ លី​ រចនា​ តំណាង​ចែកចាយ លោកស្រី​ លឹម​ ចាន់​ឌី​ តំណាង​ចែកចាយ​ លោក​ អ៊ុយ​ សារពេជ្រ​ តំណាង​ចែកចាយ​ លោក​ សុខ​ ជា​ មេធាវី​ និងលោកស្រី​ Lea Edwards ។

ទន្ទឹងនឹងមានកិច្ចប្រជុំនេះដែរ​ នៅវេលាម៉ោង​១២ថ្ងៃត្រង់​ ថ្ងៃទី៧ ខែធ្នូ​ ២០១៨នេះ បុគ្គលិកក្រុមហ៊ុន Bhip ប្រុសស្រីមានគ្នាប្រមាណ៣០០នាក់ បានទៅ​ប្រមូលផ្ដុំគ្នា នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ ខណ្ឌដូនពេញ​ ដើម្បី​សុំការ​អន្តរាគមន៍​ (មូលហេតុដោយក្រុមហ៊ុន Bhip បានបញ្ចប់សិទ្ធិក្នុងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅលើឈ្មោះ ចន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាប្រធានក្រុមជាន់ទី៤ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨)។

ក្នុងការប្រមូលផ្ដុំរបស់បុគ្គលិកក្រុមហ៊ុន Bhipនេះដែរ គេឃើញមាន​កម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ រួមទាំងកម្លាំង​កងរាជអាវុធហត្ថខណ្ឌ​មានជ័យ​ ចុះមកជួយសម្របសម្រួលឲ្យក្រុមបុគ្គលិកក្រុមហ៊ុនBhipទាំងនោះ​ ចេញពី​មុខផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដោយអោយមកបរិវេណមុខវត្ត​បុទុមវត្តី​ ដើម្បីរង់ចាំ​លទ្ធផល​ដោះស្រាយ ដោយមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអនុញ្ញាតអោយមានតំណាងក្រុមហ៊ុនរួមដោះស្រាយបញ្ហានៅលើតុ ដោយមិនបណ្តោយឈរទាមទារយ៉ាងអនា​ធិបតេយ្យដូចនេះឡើយ។

សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃពុធ ១៣រោច ខែកក្ដឹក ឆ្នាំច សំរិទិ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុន Bhip Cambodia នាំចូលផលិតផលសុខភាព ដែលមានទីតាំងផ្ទះលេខ៤២០ ផ្លូវ២៧១ ក្រុមទី២ ភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ បុគ្គលិកក្រុមហ៊ុន Bhip មានគ្នាប្រមាណ១០០នាក់ បានមកប្រមូលផ្ដុំធ្វើកូដកម្ម (មូលហេតុដោយក្រុមហ៊ុន Bhip បានបញ្ចប់សិទ្ធិក្នុងការចែកចាយផលិត​ផលរបស់ក្រុមហ៊ុនទៅលើឈ្មោះ ចន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានក្រុមជាន់ទី៤ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨) ដោយរង់ចាំលទ្ធផល ការដោះស្រាយនៅក្រសួងការងារ។ លុះមកដល់វេលាម៉ោង១១៖៣០នាទីថ្ងៃខែឆ្នាំដដែល ភាគីក្រុមហ៊ុន និងតំណាងបុគ្គលិកមិនបានឯកភាពគ្នាទេ អគ្គ.គ.ក.ប ក្រសួងការងារ ទើបបុគ្គលិកទាំងនោះ ក៏ធ្វើសកម្មភាពស្រែកឡូឡាពាសពេញអគារក្រុមហ៊ុនតែម្ដង។

លុះដល់ម៉ោង២រៀសល​ថ្ងៃខែឆ្នាំដដែល លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកសម្របសម្រួលជាមួយតំណាងបុគ្គលិកក្រុមហ៊ុន សូមឲ្យ​បងប្អូនផ្អាកសកម្មភាពឡូឡា និងសកម្មភាពផ្សេងៗ និងធ្វើការដោះស្រាយបន្តនៅសាលាខណ្ឌមានជយ័ នៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រទី៧ ខែធ្នូ ឆ្នាំ២០១៨ ទើបក្រុមបុគ្គលិកទាំងនោះ បានរំសាយហើយបំបែកគ្នាត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង២:៣០នាទីរសៀល​ថ្ងៃទី៥​ ខែធ្នូ​ ២០១៨នោះ​។

ចំពោះលទ្ធផលក្នុងកិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទខាងលើទទួល​បាន​ ដោយ​លោក​ អ៊ុយ​ សារពេជ្រ​ តំណាងចែកចាយ​ បានទាមទារ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​ ដូច​ជា​ ៖ ១.​ ទាមទារ​សិទ្ធិ​​លើ​កម្មសិទ្ធិ​ភាព​ស្របច្បាប់​ លើ​សមាជិក​ភាព​ឈ្មោះ​ ចន​ ប្រុស​ មកវិញ​ និង​ទាមទារ​សងមកត្រឡប់មកវិញ​នូវ​លុយ ​ដែល​តំណាង​ក្រុមហ៊ុន​លួច​ទៅ​កន្លង​មក​។ ២.​ ដកបុគ្គលឈ្មោះ​ Lea Edwards ភេទ​ស្រី​ ចេញ​ពី​តំណាង​ទីផ្សារ​ បីហិប​ ហ្គូលបល​ ហុងកុង​ នៅ​កម្ពុជា​។ ៣.​ ទាមទារ​ធ្វើ​កិច្ច​សន្យា​ ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ស្រប​ច្បាប់​ ភាព​ស្មើ​ភាព​គ្នា​ រវាង​ក្រុម​ហ៊ុន​ និង​សមាជិក​ភាព​ទាំង​អស់​ នៅ​ក្នុង​ស្រុក​ខ្មែរ​ ដែល​តំណាង​ឆន្ទៈដោយ​លោក​ ចន​ ប្រុស​ ក្រុមហ៊ុន​ បីហិប​ ហ្គូលបល​ ហុងកុង​ អិល​ធីឌី។

ក្នុង​នោះ​ដែរ​លោក​ សុខ​ ជា​ មេធាវី​ តំណាង​ឲ្យក្រុមហ៊ុន​ បាន​លើកឡើង​ថា​ ចំពោះ​បង​ប្អូន​ស្នើសុំ​អោយ​បើ​ក​គណនី​លោក​ ចន​ ប្រុស​ អោយ​មាន​សុពលភាព​វិញ​នោះ ​គឺ​ខុស​ ព្រោះ​គាត់​ជាឯកត្តបុគ្គល​ មិនមែន​ជាបងប្អូនទេ​ ប៉ុន្តែ​ចំពោះ​បងប្អូន​បុគ្គលិក​ ក្រុមហ៊ុន​ អាច​បើក​គណនី​ និងផ្តល់​ទំនុកចិត្ត​អោយ​គ្រប់ៗ​គ្នា​ លើកលែង​តែ​លោក​ ចន​ ប្រុស​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post