ស្វាយរៀងៈ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងខេត្តស្វាយរៀងមានវត្តចំនួន ២៤៤វត្ត ស្នាក់ការថ្វាយបង្គំពាហិសាសនា (សាសនាដទៃ) ចំនួន៤៩កន្លែង បានទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងនោះ អ្នកចូលរួមមានចំនួន ៣៤៦៨អង្គ/នាក់ ។ នេះបើតាមការឱ្យដឹងពីសំណាក់លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា ដោយឡែកនៅក្រុងស្វាយរៀងវិញ ក៏មានរៀបចំពិធីទូងស្គរនេះផងដែរ ដោយមានការចូលរួមពីលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញក្នុងពិធី វាយគង ការទូងស្គ ទះប៉ោត គោះត្រដោក នឹងបន្លឺឡើង ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ និងមានការចូលរួមពីព្រះសង្ឃ សិស្សនិស្សិត សរុប៧៣ អង្គ/នាក់ ដែលបានប្រារព្ធធ្វើឡើងនៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
លោក ទីវ សុភា បានឱ្យដឹងបន្ថែមទៀតថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយសមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕