header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីបុរស​ម្នាក់ បានដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​ នៅ​វេលា​ម៉ោង​ជាង​១២យប់ ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​លេខ​៦៦៦A1 ស្ថិត​ក្នុង​ភូមិ​តាង៉ូវ​ក្រោម សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅនោះ ត្រូវបានស្គាល់អត្ដសញ្ញាណហើយ ជាអនុប្រធាននាយកដ្ឋានព្រំដែនគោក។

បុរសដែលដកកាំភ្លើងបាញ់នោះ ឈ្មោះ ប្រាក់ តូចវាសនា អាយុ​៣៣ឆ្នាំ ជាមន្ដ្រីនគរបាល មានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែន​គោក ហើយបាញ់នេះ ដោយសារតែខ្លួនខឹងសម្បារយ៉ាងខ្លាំងទៅនឹងក្រុមចោរ ដែលបានលួចកញ្ចក់រថយន្ដរបស់ខ្លួន ម៉ាក Nissan Navara ហើយការបាញ់នេះជាទៀតសោត គឺដើម្បីគំរាមក្រុមចោរតែប៉ុណ្ណោះ។ តែបើតាមជាក់ស្ដែងកញ្ចក់ឡានមិនមានបាត់ទៅណានោះទេ។

សូមជម្រាបថា ​ដំបូងឡើយ​ នៅមុនពេលកើតហេតុ គេឃើញមន្ដ្រីនគរបាលខាងលើ ​ជិះរថយន្តម៉ាក Nissan Navara ពណ៌ស គ្មានស្លាកលេខ ចេញពីកម្មវិធីជប់លៀង ផ្ទះមិត្តភក្តិ​នៅខណ្ឌដង្កោ ត្រលប់មកផ្ទះវិញ រួចក៏ទុករថយន្តនៅក្រៅ​របងមុខផ្ទះឡើងទៅលើផ្ទះជាន់ទី១​ដើម្បីដូរសំលៀកបំពាក់ ស្រាប់តែមើលតាមបង្អួច ចុះមកក្រោម​ក៏ឃើញមនុស្សប្រុសម្នាក់ កំពុងឈរ នៅក្បែរកញ្ចក់ចំហៀងឆ្វេងរថយន្ត ទើបមន្ដ្រីនគរបាលរូបនោះ ដកកាំភ្លើងបាញ់​ ចំនួន២គ្រាប់។ ក្រោយមកមន្ដ្រីនគរបាលរូបនោះ ក៏ចុះ​មកក្រោមតែបាត់មនុស្សប្រុស​ ដែលឈរក្បែររថយន្តរកមិនឃើញ ទើបមានចិត្តខឹងកាន់តែខ្លាំង ​ក៏បាញ់ឡើងលើ ៥-៦គ្រាប់ទៀតតែម្ដង ដើម្បីគំរាមដល់ក្រុមចោរ។ ខណៈដែលក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ​ឃើញកញ្ចក់ឡាន​ មិនមានបាត់ទៅណានោះទេ។

​បើតាមសំដីប្រជាពលរដ្ឋម្នាក់​ បាន​បំភ្លឺថា កាលពីវេលាម៉ោង១១:១០នាទី​យប់​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ​រូបគាត់បានធ្វើដំណើរតាមរថយន្តតែម្នាក់ឯង​ឆ្ពោះ​មកផ្ទះ ហើយមុនពេលចេញ​មក រូបគាត់បានទូរស័ព្ទមកប្រពន្ធអោយចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធគាត់ប្រាប់ថា មានមនុស្សប្រុសម្នាក់​ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ​ នៅជិតផ្ទះរបស់យើង លុះមកជិតដល់ផ្លូវចូលបុរីខាងលើ គាត់បានឈប់រថយន្ត រួចចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ ដោយរៀបរាប់ប្រាប់អំពីករណីខាងលើ ហើយខាងប៉ុស្តិ៍ក៏បានប្រាប់ថា មាននគរបាលទៅពីរនាក់ហើយ ទើបគាត់ចេញមកវិញហើយ ជិះឡានចូលមក រួចមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A១ ស្រាប់តែជនបង្កហេតុនោះ បានស្រែកសួរខ្ញុំថា ហ៊ែងទៅណា ហើយអាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ទើបឃើញសភាពមិនស្រួល គាត់ក៏បើករថយន្តថយក្រោយត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផង ព្រោះគាត់ភ័យហើយមិនអាចចូលទៅផ្ទះគាត់បានទេ ភ្លាមនោះទើបសមត្ថកិច្ចចូលមកធ្វើប្រតិបត្តិការនាំខ្លួនជននោះយកទៅប៉ុស្តិ៍តែម្តង។

តែទោះបីជាយ៉ាងណា​ ក្រោយពីធ្វើការសាកសួររួចហើយ​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បី​សាកសួរបន្ត​ និងកសាង​សុំណំរឿង​បន្ត ឬក៏ដោះលែងយ៉ាងណានោះ​ យើងនៅមិនទាន់​ទទួលបាន​លម្អិតពីសមត្ថកិច្ច​នៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍សមត្ថកិច្ច​ ទាញទ្វារបិទ​ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នផ្ដល់ព័ត៌មានជូន​ក្រុមអ្នកយកព័ត៌មានយើងនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post