
ភ្នំពេញៈ ខណៈដែលកម្មករក្រុមហ៊ុន ស៊ិនទ្រី ផ្ទុះការតវ៉ាសុំដំឡើងប្រាក់ខែ ហើយឈប់ចុះប្រមូលសំរាមនោះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរ តាមបណ្ដាខណ្ឌ បញ្ចេញកម្លាំង ចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាសំរាម ដែលបាននឹងកំពុងគរចោលនៅតាមដងផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋ ទម្រាំមានដំណោះស្រាយ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គេសង្កេតឃើញថា សំរាមនៅតាមដងផ្លូវ តាមទីសាធារណនានា និងជាពិសេសមុខផ្ទះប្រជាពលរដ្ឋនោះ ក្លាយជាគំនរ ដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បានផ្អាកការងារចុះទៅប្រមូលសំរាម ដោយពួកគេតវ៉ាសុំឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ទូទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារជាដើម។
ក្រោយមានបញ្ហានេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះអាសន្ន និងមួយវិញទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័យ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជួបពិភាក្សា រកដំណោះស្រាយ ជាមួយតំណាង ថៅកែក្រុមហ៊ុន តំណាង សហជីព និងតំណាងកម្មករប្រមូលសំរាម ឈានទៅដល់បញ្ចប់បញ្ហាទាំងស្រុង កុំឲ្យរាំងស្ទះចំពោះការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។
សម្រាប់ពេលនេះ គេឃើញមានខណ្ឌមួយចំនួន បានបញ្ជាឲ្យកម្លាំងប្រជាការពារ ចុះទៅប្រមូលកាកសំណល់ និងសំរាមទាំងឡាយ តាមផ្លូវមួយចំនួន ជាពិសេស តាមផ្លូវជាតិសំខាន់ ជាដំណោះស្រាយបណ្ដោះអាសន្ន ជៀសវាងនាំឲ្យប៉ះពាល់ ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា កាលពីឆ្នាំកន្លង ទៅបងប្អូនកម្មករ ក្រុមហ៊ុន ស៊ិនទ្រី ក៏បានផ្ទុះការតវ៉ាពាក់ព័ន្ធ នឹងប្រាក់ឈ្នួលនេះផងដែរ ប៉ុន្ដែ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន ផ្តល់ដំណោះស្រាយ ដោយដំឡើងប្រាក់ឈ្នូល ជូនពួកគេ ទាំងក្រុមវេនថ្ងៃ និងវេនយប់ បានសមរម្យទើបពួកគេ ព្រមចូលធ្វើការ និងបញ្ចប់ការទាមទាររហូតមកដល់បេលនេះ៕








