header ads

Sponsor

រិទ្ធី

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាប្រមាណជា ៦៩២ ៥២២ដុល្លារអាមេរិក ដល់អង្គភាពចំនួន២ នៃគម្រោង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលផ្តោតលើវិស័យអប់រំនៅកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយអធិបតីភាពលោក ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ថវិកាទាំងអស់នេះ បានផ្តល់ទៅឱ្យអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចំនួន៣៩៦ ០៣៣ដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ជាគ្រឹះស្ថានសិក្សា៤ឆ្នាំ។ ដោយឡែក ថវិកាចំនួន ២៩៦ ៤៨៩ដុល្លារ ផ្តល់ឱ្យអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្ដរជាតិប្រចាំកម្ពុជា (FIDR) សម្រាប់គម្រោងសន្ដិសុខស្បៀង និងអាហាររូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនេះដែរ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា តាមរយៈគម្រោងទាំងពីរនេះ នឹងធ្វើឱ្យវិស័យអប់រំកាយនៅកម្ពុជាកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ ជាពិសេស ប្រជាជនដែលរស់នៅក្នុងតំបន់ អាចកែលម្អជីវភាពរបស់ពួកគាត់ ដែលទទួលទានអាហារគ្រប់គ្រាន់ និងជីវជាតិ ថែរក្សាសុខភាពបានល្អផងដែរ។

តំណាងអគ្គនាយិកា អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគោលដៅវិវឌ្ឍខ្លួនទៅជាសាកលវិទ្យាល័យ សម្រាប់បណ្ដុះបណ្ដាលគ្រូអប់រំកាយ ដែលនឹងបម្រើការងារនៅតាមគ្រឹះស្ថានមធ្យម បឋមភូមិ និងទុតិយភូមិឱ្យមានកម្រិតបរិញ្ញាបត្រ៤ឆ្នាំសិក្សា ដូចគ្រូមុខវិជ្ជាផ្សេងៗទៀត។

ចំណែកលោកស្រី យូមីកូ មីណាមី នាយិការបស់អង្គការ មូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្ដរជាតិប្រចាំកម្ពុជា (FIDR) បានលើកឡើងថា គម្រោងរបស់អង្គការទទួលពេលនេះ បានការគាំទ្រថវិកា តាមរយៈការកាត់ពន្ធរបស់ប្រជាជនជប៉ុន ដូច្នេះ FIDR និងដៃគូពាក់ព័ន្ធទាំងអស់ នឹងប្ដេជ្ញាប្រឹងប្រែងធ្វើកិច្ចការទាំងនេះ ដើម្បីសម្រេចឲ្យបានសមិទ្ធផល និងផ្ដល់ជាប្រយោជន៍ច្រើនសម្រាប់សហគមន៍។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post