ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ សាន បានអះអាងថា ទណ្ឌិត សម រង្ស៊ី និងក្រុមរបស់លោក នឹងត្រូវឯកោនៅពេលខាងមុខជាមិនខាន។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមលោក សម រង្ស៊ី បានតែងតាំងលោក សម រង្ស៊ី ជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ ទាំងក្រុមលោក កឹម សុខា រួមទាំងលោក កឹម សុខា មិនបានគាំទ្រនោះទេ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ យ៉ាងដូច្នេះថា ការតែងតាំងលោក សម រង្ស៊ី គឺជាការតែងតាំងមនុស្សនៅក្រៅបក្ស។ លោកបញ្ជាក់ថា ជាការគួរឲ្យចង់អស់សំណើចណាស់ ដែលរបស់ដែលហៅថា សន្និសីទពិភពលោករបស់ខ្មោចអតីតបក្សប្រឆាំងនៅក្រៅស្រុក បានព្យាយាមលើកទណ្ឌិត សម រង្សី ដែលមិនមែនជាសមាជិកបក្សផង មកធ្វើជាប្រធានស្តីទីអតីតបក្សប្រឆាំងទៅវិញ។
លោកបានលើកឡើងថា តើដែលមានការតែងតាំងរបៀបនេះឬទេ នៅលើលោកនេះ។ នេះមិទាន់គិតពីអតីតបក្សប្រឆាំង ត្រូវបានរំលាយដោយតុលាការកំពូលរួចហើយ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មកផង។ លោកបន្ថែមថា តើឯណាទៅលក្ខន្តិកៈបក្ស? វាជារឿងចម្លែកណាស់ ដែលយកមនុស្សនៅក្រៅបក្ស មកធ្វើប្រធានស្តីទីបក្សនោះ?
លោក សុខ ឥសាន បានលើកឡើងទៀតថា ការតែងតាំងដោយគ្មានគោលការណ៍បែបនេះ វាបង្ហាញឲ្យឃើញច្បាស់ថា គឺជារបៀបបក្សប្រហារមួយ ដែលទើបនឹងមាននៅក្នុងអតីតបក្សប្រឆាំងនៅកម្ពុជា ដែលពួកគេតែងតែទន្ទិញចាំមាត់ថា ជាបក្សប្រជាធិបតេយ្យ។
លោកគូសបញ្ជាក់ "ប៉ុន្តែដើម្បីអំណាចក្នុងបក្ស ទោះរឿងអ្វីក៏ទណ្ឌិត សម រង្សី និងបក្ខពួក ហ៊ានធ្វើដែរ ដោយបិទភ្នែក និងដោយឥតអៀនខ្មាស។ នេះ គឺជាលទ្ធផលនៃពាក្យស្លោករបស់ទណ្ឌិត សម រង្សី ថា សម រង្សី និង កឹម សុខា គឺតែមួយនោះ?"។
លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា "ក៏ប៉ុន្តែទោះមានឧបាយកលពិសពុលយ៉ាងណា ក៏នៅទីបំផុតទណ្ឌិត សម រង្ស៊ី និងបក្ខពួក នឹងត្រូវឯកោជាក់ជាមិនខាន"។
សូមជម្រាបថា ការលើកឡើងរបស់លោក សុខ ឥសាន នេះ ក៏ដូចជាបង្ហើរសារមួយថា ក្រុមលោក កឹម សុខា អាចនឹងមានសិទ្ធិធ្វើនយោបាយវិញ នៅពេលឆាប់ៗនេះ បន្ទាប់ពីសេចក្តីវិសោនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភាអនុម័តរួច។
តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយ ដោយផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ស្នើសុំផ្តល់នីតិសម្បទានដល់អ្នកនយោបាយ ដែលត្រូវតុលាការហាមឃាត់ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។
តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយ ទៅមាត្រា៤៥ថ្មី(ស្ទួនមួយ)។
មាត្រា៤៥ថ្មី(ស្ទួនមួយ) មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះ បញ្ជាក់ស្រាប់ថា វិសោធនកម្មខាងលើ មានគោលដៅសំខាន់ៗ គឺបញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើកអាចទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងក្នុងសន្នីសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឲ្យដឹងថា សេចក្តីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី(ស្ទួនមួយ) ជាវិសោធនកម្មច្បាប់ ដែលមានការប្រញាប់ ហើយអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកិច្ចប្រជុំពិភាក្សាក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ចូលសម័យប្រជុំរដ្ឋសភា ពេញអង្គអនុម័តផងដែរ។
អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីវិសោធនកម្មច្បាប់នេះ ក៏មានការជាប់ពាក់ព័ន្ធនឹងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើនយោបាយផងដែរ។
លោកបញ្ជាក់ថា «អីចឹងច្បាប់នេះ ធ្វើវិសោធនកម្មគិតគូរដល់អ្នកដែលត្រូវបានតុលាការ ហាមឃាត់ធ្វើនយោបាយ មិនឲ្យធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូល។ យើងគិតគូរយ៉ាងម៉េច គឺថា ធ្វើឲ្យច្បាប់ពាក់ព័ន្ធនឹងអាលូវយើងធ្វើហើយ។ អ្នកដែលច្បាប់ហាមឃាត់ គឺអាចទទួលបាននីតិសម្បទា អាចទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្ត្រីស្នើព្រះមហាក្សត្រតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
លោកបន្ថែមថា វិសោធនកម្មច្បាប់នេះ ក៏ដោយសារតែពេលកន្លងមក ច្បាប់មិនបានគិតគូរដល់អ្នក ដែលត្រូវតុលាការ ហាមឃាត់នោះទេ ប៉ុន្តែពេលនេះ ការធ្វើវិសោធនកម្មច្បាប់នេះ គឺបានគិតគូរដល់អ្នកត្រូវតុលាការកំពូលហាមឃាត់ផងដែរ៕