ភ្នំពេញៈ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនជាតិចិន ដែលបែកថ្នាំកាប់អ្នកលក់ទឹកអំពៅម្នាក់ និងប៉ូលិសម្នាក់ឲ្យរងរបួស ក្រោមបទចោទប្រកាន់បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនដៃដល់ឈ្មោះ ជិន ឈុន ភេទប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរពិតប្រាកដដើរជក់ថ្នាំលេង។ ជននេះ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងកាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៨ ក្នុងនោះក្រោយសាកសួរតំណាងអយ្យការអមតុលាការបានសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២០១៨នៃក្រមព្រហ្មទណ្ឌ ហើយរឿងក្ដីនេះ ត្រូវបញ្ជូនទៅអោយចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ដូច្នេះចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសនៅពេលក្រោយ។
តាមការសារភាពរបស់ជនជាប់ចោទ បានអោយដឹងថា ខ្លួនគេបានមកលេងស្រុកខ្មែជាមួយមិត្តភក្តិដើម្បីមើលការរកស៊ី ប៉ុន្តែពេលមកដល់បានមួយរយៈមិត្តភក្តិដែលមកជាមួយបានគេចខ្លួនចោលអស់មិនដឹងទៅណាក៏ចេះតែទិញគ្រឿងញៀន ដែលគេលក់យ៉ាងសម្បូរបែបដូចលក់ស្ករគ្រាប់ជក់លេងៗទៅរហូតដល់ពេលប៉ូលិសចាប់ខ្លួននេះមិនដឹងរឿងអីទេ។
គួររំលឹកថា បុរសជនជាតិចិនបែកថ្នាំ បានយកកាំបិតកាប់លើស្ត្រីអ្នកអូសអំពៅលក់ម្នាក់ និងមន្ត្រីនគរបាលចំដៃខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យចំណែកឯជនដៃដល់ក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យប៉ូលិសកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។
អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤៤នាទីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីបាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសជនជាតិចិនម្នាក់ដោះអាវសង្ស័យបែកថ្នាំបានកាន់កាំបិត និងដៃរួមទាំងមានប្រឡាក់ឈាមផង បានដើរអុកឡុកលំនៅដ្ឋានប្រជាពលរដ្ឋនៅតាមដងផ្លូវ ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញមិនតែប៉ុណ្ណោះបុរសរូបនោះថែមទាំងបានយកកាំបិតទៅកាប់ស្ត្រី អ្នកអូសអំពៅលក់ម្នាក់ បណ្តាលឲ្យបែកក្បាល ខណៈនោះមានការរាយការណ៍ពីសំណាក់ពលរដ្ឋសមត្ថកិច្ចចុះទៅអន្តរាគមន៍ ក៏ត្រូវជននោះកាប់ បណ្តាលឲ្យរងរបួស់ដៃ ហូរឈាមផងដែរ។
ក្រោយកើតហេតុជនសង្ស័ដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះចាប់បានប្រុងព្រួតវាយតែត្រូវសមត្ថកិច្ចអន្តរាគមន៍ ឃាត់មិនអោយមានអំពើហិង្សារួចក៏បញ្ចូនមន្ទីរពេទ្យរុស្ស៊ីដើម្បីព្យាបាល៕