header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី៣ សហការណ៍នគរបាលប៉ុស្ដិ៍កាកាបទី២ ចាប់ជនសង្ស័យចំនួន៤នាក់ ក្រោយពីនាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីម្ចាស់ផ្ទះសំណាក់ “រី សុខុម” នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ បានសម្រេចហើយនាំគ្នារត់ទៅដេកនៅផ្ទះសំណាក់ “ឋានសួគ៌” ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ​ ម៉េង​ សេរី​រ័ត្ន​ ភេទ​ស្រី​ អាយុ​២៧ឆ្នាំ​ មុខរបរ​ ម្ចាស់ ផ្ទះ​សំណាក់ “រី សុខុម” ​ស្ថិត​នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ​។ រីឯទូរស័ព្ទ​ ដែល​ជន​សង្ស័យ​ឆក់យក​បាន​ ម៉ាក​ I phone 8 plush​ ពណ៌​ស​ តម្លៃ​៩០០​ដុល្លា​រ។

តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងតែដេកសម្រាក មើលការខុសត្រូវក្នុងផ្ទះសំណាក់ នៅវេលាអធ្រាត្រចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ចូលទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ តែក្រុមជនសង្ស័យ ពិតជាចំថ្ងៃស៊យហើយ ទូរស័ព្ទដែលពួកគេលួច មានភ្ជាប់ GPS (ដាក់អាខ្លោត) ទើបជាការងារ ដឹងគោលដៅយកទៅ ស្គាល់ដឹងកន្លែង ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅឃាត់ខ្លួនបាន ជនសង្ស័យទាំង៤នាក់ កំពុងនៅសម្រាកក្នុងផ្ទះសំណាក់ ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣។

ក្រោយពីចាប់ខ្លួនបានក្រុមជនសង្ស័យ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ របស់ជនរងគ្រោះមកវិញ ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា សេ១១០ ស៊េរី២០១២ និង ម៉ាកហុងដាវ៉េវ ទូរស័ព្ទសរុប៥គ្រឿង រួចនាំខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។

តាមលោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរ លើជនសង្ស័យសរាប់តែទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ។

នាយប៉ុស្តិ៍បន្តទៀតថា ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post