header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឿងមិនគួរនឹងកើតសោះ គ្រាន់តែកន្លែងចតរថយន្ត បានធ្វើឲ្យបុរស២នាក់ ជជែកយ៉ាងតឹងសរសៃកដាក់គ្នា រហូតឈានដល់ប្រើអំពើហិង្សា ហើយត្រូវសមត្ថកិច្ចចុះទៅនាំខ្លួនយកមកសាកសួរ ដោយទាំងអ្នករត់រ៉ឺម៉កកង់បីម្នាក់ទៀតផង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨៖៣០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវបេតុងចូលវិមានសព ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនពាក់ព័ន្ធ រួមមាន ទី១.ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងខ្លីម៉ាក រ៉ូឡូ មួយដើម, ទី២.ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងទី៣.ឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបររថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2U-3390 រងរបួសពោរមុខ និងបែកក្បាល បញ្ជូនទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2U-3390 ដឹកជនជាតិចិន មានស្រីមានប្រុសជាង១០នាក់ មកចូលហាង ក្បែរកន្លែងកើតហេតុ ហើយពេលភ្ញៀវចុះអស់ គាត់ក៏បានបើករថយន្តទៅចតនៅម្ខាងផ្លូវ។ ពេលនោះ មានបុរសម្នាក់ទៀត បានបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 មកដែរ ហើយប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុង ឲ្យថយក្រោយបន្តិច ព្រោះកន្លែងដែលចតនេះ ជាចំណតគាត់យូរឆ្នាំហើយ។ បន្តិចក្រោយមក ស្រាប់តែឃើញបុរសទាំង២ ប៉ះសម្ដីគ្នារហូតឈានប្រើហិង្សា ហើយអ្នករត់កង់បីម្នាក់ ដែលស្គាល់បុរសបើករថយន្ត Highlander ឃើញវាយគ្នាចឹង បានចូលទៅព្រួតជួយវាយថែម បណ្តាលឲ្យអ្នកបើករថយន្តសាំយ៉ុង របួសប៉ោងមុខ និងបែកក្បាលយ៉ាងដំណំ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលព័ត៌មានពីករណីហិង្សាខាងលើ សមត្ថកិច្ចប៉ុស្ដិ៍កាកាប២ បានចុះអន្តរាគមន៍ភ្លាមៗ​ ហើយដោយឃើញសភាពរបស់អ្នកបើករថយន្តសាំយ៉ុង មិនសូវស្រួល និងមានការស្នើសុំពីគ្រួសារផង ទើបអនុញ្ញាតឲ្យទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ ស្រាប់តែភាគីម្ខាងទៀតមិនសុខចិត្ត ក៏បានដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ចេញពីក្នុងហោប៉ៅមកគំរាមអ្នកបើករថយន្តសាំយ៉ុង និងសមត្ថកិច្ច ដោយបានកេះកៃបាញ់គំរាម២ដង តែបាញ់មិនផ្ទុះ ទើបសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងយកទៅរក្សាទុក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសម្រេចឃាត់ខ្លួនទាំងមន្ត្រីយោធា ដែលដកកាំភ្លើងបាញ់គំរាមមិនចេញ២ដងនោះ និងអ្នកបើករ៉ឺម៉កកង់បី ខណៈអ្នកបើកបររថយន្តសាំយ៉ុង ត្រូវបានអនុញ្ញាតឲ្យក្រុមគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ អ្នកឃាត់ខ្លួនទាំង២ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍កាកាប២ បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post