
បាត់ដំបងៈ ប្ដីប្រពន្ធ១គូ ប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯប្រពន្ធស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយជនរងគ្រោះទាំងពីរ យកភ្លើងទៅដុតគល់ឈើក្នុងចម្ការ ដើម្បីយកសត្វព្រួត ចៃដន្យប៉ះចំគ្រាប់បែកត្បាល់៦០ បណ្ដាលឲ្យផ្ទុះតែម្ដង។
ករណីផ្ទុះគ្រាប់ត្បាល់៦០ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនរងគ្រោះជាប្តីឈ្មោះ ជាតិ អាយុប្រហែល៥០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពបួរ មានស្រុកកំណើត នៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត បច្ចប្បន្នមកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូង ឲ្យម្ចាស់ចម្ការឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពពីកន្លែកើតហេតុ បានឲ្យដឹងថា ដំបូង ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានមកដុតគល់ឈើក្នុងចំការ ដើម្បីយកសត្វព្រួត ដោយមិនដឹងថា មានក្បាលគ្រាប់ត្បាល់៦០ ដែលនៅទីនោះ បណ្តាលឲ្យផ្ទុះស្លាប់តែម្តង ។
ក្រោយពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅលោកមេភូមិ និងម្ចាស់ចម្ការ យកទៅធ្វើបុណ្យតាមប្រពៃណី៕








