
តាកែវៈ ឃាតករំលោភសម្លាប់ក្មេងស្រី អាយុ៩ឆ្នាំ យកទៅបោះចោលក្នុងទឹកស្រះ នៅស្រុកព្រៃកប្បាស កាលពីថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានហើយ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខក្លោងទ្វាវត្តចម្ប៉ា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីឃាតករូបនេះ បានរត់គេចខ្លួន២១ថ្ងៃ។
សូមបញ្ជាក់ផងដែរថា ការបំបែកសំណុំរឿងឃាតកម្មខាងលើនេះ គឺមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យមន្ត្រីជំនាញ សហការជាមួយកម្លាំងនៅមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងនេះ ឲ្យបានលឿនបំផុត ដើម្បីយកឃាតកដៃឆៅរូបនោះមកធ្វើការផ្តន្ទាទោសតាមច្បាប់។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ទៅលើក្មេងស្រីរងគ្រោះរួច បានរត់គេចខ្លួនអស់រយៈពេល២១ថ្ងៃទៅហើយ លុះភ្លេចខ្លួនក៏បានវិលត្រឡប់មកវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តងនៅចំណុចក្លោងទ្វារវត្តចំប៉ា ដោយជនដៃដល់ឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជម្ពូព្រឹក្សា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស។
គួររំឭកផងដែរថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣៖៤៥នាទីរសៀលកន្លងទៅនេះជនដៃដល់ បានចាប់រំលោភរួចសម្លាប់ទៅលើក្មេងរងគ្រោះឈ្មោះ ឆៃ លីការ ភេទស្រី អាយុ៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាពរួច ឃាតករបានយកសាកសពទៅបោះចោល ក្នុងទឹកស្រះ ពីខាងលិចផ្ទះរួចក៏រត់គេចខ្លួនបាត់ទៅ។
បើតាមចម្លើយសារភាពរបស់ឃាតករ បាននិយាយប្រាប់ប៉ូលិសថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ បានទៅស្ទូងស្រូវជាមួយជីដូនរបស់គេ ក្រោយពីជីដូនរបស់គេត្រឡប់ទៅផ្ទះមុន ក្មេងស្រីរងគ្រោះ គឺនៅចាំនៅស្រែ ដោយឃើញឱកាសល្អ ជនសង្ស័យជាឃាតកនោះ បានទៅល្បួងក្មេងស្រីរងគ្រោះនោះ រួចនាំមកផ្ទះរបស់គេ ហើយបានអោយលុយទៅក្មេងស្រីរងគ្រោះនោះចំនួន២ម៉ឺនរៀល ជាថ្នូលនិងការអោបថើប តែនៅពេលដោយអោបថើបយូរទៅៗ ក្មេងស្រីរងគ្រោះនោះបានស្រែអោយគេជួយ ភ្លាមនោះរូបគេមានការភ័យយ៉ាងខ្លាំង ក៏សម្រេចចិត្តច្របាច់កសម្លាប់ក្មេងស្រីនោះរួចយកមកបោះចូលក្នុងទឹកស្រះតែម្តង៕



