ព្រះសីហនុៈ បុគ្គលិកកាស៊ីណូប្រុសស្រី២នាក់ ត្រូវបានក្រុមក្មេងទំនើងមានប្រហែល៧ទៅ៨នាក់ ប្រដាប់ដោយដាវ និងកាបិតគ្រប់ដៃ បានសកម្មភាពភ្ជង់គំរាម យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយគេចបាត់។
ហេតុការណ៍អសន្តិសុខខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចលើកញ្ចុះ ឆ្នេរឯករាជ្យ(ឆ្នេរ៧ជាន់) ស្ថិតនៅក្រុមទី9 ភូមិ1 សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ សំ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ G.T.I ស្នាក់នៅផ្ទះជួលភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាត់បង់សម្ភាររួមមាន ៖ ទូរស័ព្ទដៃ២គ្រឿង( អាយហ្វូនហ្វាយអេស១គ្រឿង - ម៉ាកoppo ១គ្រឿង) លុយចំនួន៣៥$ លុយខ្មែរ១ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតគ្រី១សន្លឹក។ ជនរងគ្រោះទី២ ឈ្មោ ភោគ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ឡាវូ ស្នាក់នៅអគារបុគ្គលិក ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាត់បង់សម្ភាររួមមាន ៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកoppo លុយចំនួន៣០$ លុយខ្មែរចំនួន២ម៉ឺនរៀលកូនសោម៉ូតូ១ និងសម្ភារផ្សេងៗមួយចំនួន។
ក្រោយទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១- ឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ កម្មករសំណង់។ ២-ឈ្មោះ ស៊ុយ សុផាន់ ភេទប្រុស អាយុ២៥ឆ្នាំ កម្មករ សំណង់។ ៣-ឈ្មោះ វ៉ាត់ ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជាងម៉ាស៊ីនត្រជាក់។ ៤- ឈ្មោះ ឃឹត ថា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករសំណង់។ ៥-ឈ្មោះ ខន ជា ភេទប្រុស អាយុ២១ឆ្នាំ កម្មករសំណង់។ ជនទាំង៥នាក់ខាងលើ ស្នាក់នៅក្នុងការដ្ឋានសំណង់ម្ដុំកំពេញ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្ភារៈដែលចាប់យកបានរួមមាន ៖ -ទូរស័ព្ទដៃ១គ្រឿងម៉ាក oppo (ផលចោរកម្ម) -ដាវ១ដើម (វត្ថុតាងធ្វើសកម្មភាព) -កាំបិតចិតបន្លែ១ដើម( វត្ថុតាងធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕