
ភ្នំពេញៈ បុរសជាតៃកុងរថយន្តសាមុយប្រចាំនៅពេទ្យលោកសង្ឃ ម្នាក់ រួមដំណើរស្ត្រីម្នាក់ទៀត ស្រវឹងស្រា បើករថយន្ត LEXUS RX300 មួយគ្រឿង បត់ត្រឡប់ក្រោយក្នុងល្បឿនលឿន មិនប្រយ័ត្នកៀរម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់រួចកិនជាប់ក្រោមរថយន្ត បណ្តាលឲ្យរងរបួសជើងឆ្វេងម្ខាងធ្ងន់ ហើយរថយន្តបង្កបម្រុងបើករត់ តែបើកទៅមុខមិនរួច។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Honda Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Al-9300 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-3685 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា តៃកុងរថយន្តសាមុយប្រចាំនៅមន្ទីពេទ្យលោកសង្ឃ រួមដំណើរនិងស្ត្រីម្នាក់ទៀត បានធ្វើដំណើរមកពីក្រោយ ស្របទិសដៅគ្នា បានវ៉ាម៉ូតូខាងស្តាំដៃរួចបានបត់ឆ្វេងដៃវិញ បំណងត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ក៏កៀរម៉ូតូដួលរួចកិនពីលើអូសជាប់ក្រោមរថយន្តទៅជាមួយ តែសំណាងម្ចាស់ម៉ូតូខ្ទាតចេញ តែរងបួសជើងឆ្វេងម្ខាងធ្ងន់ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ។ ភ្លាមៗចំណែករថយន្តបង្កបានព្យាយាមបើករត់ តែទៅមិនរួច ដោយសាម៉ូតូនៅក្រោមរថយន្តកល់ជាប់កង់ខាងក្រោយជាប់ រួចម្ចាស់រថយន្តបង្កនៅអង្គុយនៅក្នុងរថយន្តធ្វើព្រងើយ ថែមទាំងមករករឿងអ្នកសារព័ត៌មានមិនឲ្យផ្តិតយករូបភាពទៀត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕













