ព្រះវិហារៈ តុលាការខេត្តព្រះវិហារដ៏ឧតុង្គឧត្តមនៃយើង ត្រូវបានសង្ស័យថា កំពុងតែធ្វើឲ្យរាស្ត្រវិលក្បុង ឡប់ខួរ លែងចង់មានជំនឿលើយុត្តិធម៌អស់ហើយ ដោយសារថា មេជួញដូរគ្រឿងញៀនទាំងមូល ត្រូវតុលាការចេញដីកាសម្រេចមិនឃុំខ្លួន តែបែរជាឃុំខ្លួនអ្នកសេពគ្រឿងញៀនទៅវិញ តើនេះឬ ដែលគេថា តុលាការខេត្តព្រះវិហារ មានយុត្តិធម៌?
តាមពិតទៅ វាជានីតិវិធីរបស់តុលាការមួយនេះ ខាងព័ត៌មានគ្មានអ្វីពាក់ព័ន្ធឡើយ ចង់ខាងតុលាការសម្រេចឃុំខ្លួន ឬដោះលែងនរណាក៏បាន ពីព្រោះវា ជាឆន្ទានុសិទ្ធិរបស់គេផ្តាច់មុខទៅហើយ ។ គិតដល់ចំណុចនេះ គេនឹកខ្លោចចិត្តអាណិតដល់កងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលខិតខំទាំងត្រដរ ប្រឹងប្រែងមិនគិតយប់ ថ្ងៃ នឿយហត់ លំបាក គ្រោះថ្នាក់អ្វីឡើយ ធ្វើយ៉ាងណាចាប់ឲ្យបានពួកមេខ្លោងទុច្ចរិតជួញដូរគ្រឿងញៀនដែល បំផ្លាញគោលការណ៍ភូមិឃុំមានសុវត្ថិភាពនៃរាជរដ្ឋាភិបាល ។ ប៉ុន្តែនៅពេលកម្លាំងចាប់បាន ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃពួកតុលាការហើយ មិនបានប៉ុន្មានផង ស្រាប់តែលេចមុខពួកជនទុច្ចរិតទាំងនោះ ចេញមកធ្វើសកម្មភាពជួញដូរ ដូចអាដែលជាអាដែល ។ តើនរណាមិនឆ្ងល់ឬ? តើរាស្ត្រទន់ខ្សោយរំពឹងទៅលើយុត្តិធម៌បានដោយរបៀបម៉េចទៅ បើម្លឹងៗ ។
គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចាប់ខ្លួនជនសង្ស័យចំនួន៨នាក់ ករណីចែកចាយ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត សេត្តព្រះវិហារ។
ជនសង្ស័យទី១ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះឌី ធារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ៣.ឈ្មោះរឿន ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បន្លែ ៤.ឈ្មោះទៀប សុធារិទ្ធ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ៥.ឈ្មោះផន អ៊ិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ ៦.ឈ្មោះ ម៉ៅ ភារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ គោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ៧.ឈ្មោះ មាន បាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសិប្បកម្ម៨.ឈ្មោះ សួ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិរុងរឿង1 ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្រោយឆែកឆេរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារសម្រាប់ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ហើយកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការខេត្តព្រះវិហារ ។
ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាលេខ២៩៦៨ ដសមឃប សម្តេចមិនឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ដែលរាស្ត្រស្គាល់ច្បាស់ថា ជាមេខ្លោងជួញដូរគ្រឿងញៀននោះយ៉ាងរំភើយដូចបាយឡុកបាយឡទៅវិញ ។ ដីកាសម្រេចមិនឃុំខ្លួននេះ ចេញដោយ និងមានចុះហត្ថលេខាស៊ីញ៉េត្រឹមត្រូវពីចៅក្រមស៊ើបសួរទៀង សុផា, ពីក្រឡាបញ្ជី លី ចន និងព្រះរាជអាជ្ញារង ភី ស៊ីថង ដែលទទួលដំណឹងកាលពីថ្ងៃទី១៩ ខែធ្នូ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ នៅថ្ងៃទី១៩ ខែធ្នូ ភ្នាក់ងារ Cam Post (ខេមប៉ុស្តិ៍) មិនអាចទាក់ទងទៅខាងតុលាការខេត្តព្រះវិហារបានឡើយ ដើម្បីស្នើសុំបកស្រាយសំណួរថា តើហេតុអ្វីបានជាមេចែកចាយគ្រឿងញៀនទាំងមូល តុលាការសម្រេចមិនឃុំខ្លួន រីឯអ្នកផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាមួយគ្នា បែរជាជាប់ឃុំ ដោយសារគ្មានលេខទូរស័ព្ទ ៕