ភ្នំពេញៈ បុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រឡប់មកពីយកធៀបការទៅអញ្ជើញមិត្តភក្តិ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះដៃចង្កូតជាមួយម៉ូតូកង់បី ដួលបោកក្បាលនឹងថ្នល់ ហើយក៏ត្រូវរថយន្តមកកិនបន្ថែម ស្លាប់ចោលគូដណ្ដឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ (ជិតសាលារៀនភូមិឫស្សី) តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)ឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូបុក្តាតោ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងមានគូរដណ្ដឹងឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពពីយុវជនម្នាក់ ដែលរងរបួលស្រាល បានឲ្យដឹងទាំងទឹកភ្នែកថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត គឺជាមិត្តភក្តិជិតស្និតជាមួយគាត់ និងដល់ថ្ងៃចូលរោងការហើយ នៅថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ តែមុនកើតហេតុពួកគេទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នាយកធៀបការទៅអញ្ជើញមិត្តភក្តិ និងអ្នកដែលរាប់អានផ្សេងៗទៀត រួចនាំគ្នាចូលផឹកស៊ីនៅម្ដុំស្ទឹងមានជ័យ លុះបានផឹកស៊ីបន្តិចបន្តួច ពួកគេបាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែមកដល់កន្លែងកើតហេតុ ស្រាប់តែប៉ះដៃចង្កូតម៉ូតូជាមួយកង់បីមួយគ្រឿង បណ្ដាលឲ្យពួកគាត់ដួលម៉ូតូ ចំណែកឯរូបគេ ដែលជិះពីក្រោយក៏សន្លប់បាត់ទៅ ក្រោយមកមានបងប្អូនប្រជាពលរដ្ឋមកដាស់ ទើបភ្ញាក់ដឹងខ្លួនឡើងមក ស្រាប់តែឃើញជនរងគ្រោះ ស្លាប់នៅចំពោះមុខយ៉ាងអាណោចអាធ័មបែបនេះ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ(ស្លាប់)បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ព្រមទាំងដឹកមិត្តភក្តិម្នាក់ទៀតនៅពីក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយរ៉ឺម៉ក បណ្ដាលឲ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយ បានកិនចំក្បាលជនរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង និងមិត្តភក្តិម្នាក់អង្គុយពីក្រោយសន្លប់មួយដង្ហើមចង្រិត លុះភ្ញាក់ដឹងខ្លួនឡើងមកក៏ទ្រហោយំ ដង្ហើយហៅមិត្តភក្តិដែលស្លាប់នៅនឹងមុខយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្ក និងរ៉ឺម៉កដែលប៉ះម៉ូតូជាមួយជនរងគ្រោះ ខណៈដែលផ្លូវស្ងាត់ផង បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលអស់ពីកន្លែងហេតុ មុនសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់។
ក្រោយពេលកើតហេតុសាកសពបន្សល់ទុកនៅកណ្ដាលផ្លូវ រហូតដឹងដល់នារីជាគូដណ្ដឹងមកយំឱបគូដណ្ដឹងរបស់ខ្លួន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះមកដល់កន្លែង រួចទាក់ទងរាយការណ៍ប្រាប់ចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំប្រគល់ឲ្យសាច់ញាតិបងប្អូននៅពេលក្រោយ ៕