
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរសារជាថ្មីថា៖ ខ្ញុំ សម រង្ស៊ី នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ នេះបើយោងតាមបទសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយលោក ជុន ច័ន្ទបុត្រ វិទ្យុអាស៊ីសេរីជាភាសាខ្មែរនាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
តែទោះជាយ៉ាងណា ប្រធានស្តីទីបក្សប្រឆាំងរូបនេះ មិនបានបញ្ជាក់ពេលវេលាជាក់លាក់នៃការត្រឡប់មកប្រទេសកម្ពុជាវិញឡើយ ដោយលោកប្រាប់ពីមូលហេតុថា៖ មិនអាចប្រាប់ថាចូលតាមរបៀបណា ចូលថ្ងៃណា ច្រកណា នោះគេចាំកម្ទេចយើងហើយ។

លោក រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្នាក់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក៏រំលឹកពីសហគមន៍អឺរ៉ុប ដែលព្រមានព្យួរEBA ដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងរយៈពេល៦ខែ ឱ្យ លោក ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ទម្លាក់ចោលការចោទប្រកាន់អ្នកទោសនយោបាយទាំងអស់ បើកឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ប្រគល់សងតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ជាង៥ពាន់នាក់ និងបោះឆ្នោតឡើងវិញ ទាំងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយមានការចូលរួមតាមដានពីអ្នកសង្កេតការណ៍អន្តរជាតិ។
ចំណែកឯ បញ្ហាស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីជាន់ខ្ពស់CNRP លោក សម រង្ស៊ី អះអាងមិនត្រូវសុំសិទ្ធិពីលោក ហ៊ុន សែន ទេ បើយើងសុំសិទ្ធិនយោបាយ មានន័យថាយើងទទួលស្គាល់ថាតុលាការធ្វើត្រឹមត្រូវ យើងក្បត់បក្សសង្រ្គោះជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក រង្ស៊ី ជឿជាក់១០០%ថាក្នុងឆ្នាំ២០១៩ខាងមុខា នឹងមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា ដូចអ្វីដែលប្រជារាស្ត្រខ្មែររង់ចាំ ចង់បានយូរហើយ យើងត្រូវតែត្រៀមលក្ខណៈ ពីព្រោះមិនមែនតែលោកទេ មានភាគីពាក់ព័ន្ធច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសសហគមន៍អន្តរជាតិ។
សូមអញ្ជើញទស្សនា និងតាមដានបទសម្ភាសន៍របស់លោក សម រង្ស៊ី ដូចតទៅ៖