
មណ្ឌលគិរីៈ កម្លាំងជំនាញរបស់គណៈកម្មការការពារទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិថ្នាក់ខេត្ត ប្រចាំនៅស្នាក់ការស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឈាង ណាក់ ប្រធានក្រុម បានធ្វើការចុះបង្ក្រាប និងឃាត់រថយន្តកែច្នៃដឹកឈើចំនួន៥គ្រឿង នៅត្រង់ចំណុច ភូមិរហ៊ូត ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។
មន្រ្តីជំនាញ បានឲ្យដឹងថា លុះដល់ម៉ោង១រំលងអធ្រាត្រយប់ថ្ងៃ២៧ ខែឆ្នាំដដែលនោះ មានប្រជាពលរដ្ឋពី៣០ទៅ៤០គ្រួសារ បានមករំដោះ និងកាប់ខ្សែទម្លាក់ឈើចោលនៅនឹងកន្លែងនោះ ហើយយករថយន្តកែច្នៃទៅបាត់ ដោយបន្សល់ទុកឈើចំនួន១៩ដុំ។
មន្រ្តីជំនាញ បានឲ្យដឹងទៀតថា ឈើដែលបន្សល់ចំនួន ១៩ដុំ ជាប្រភេទឈើកកោះមានចំនួន១៤ដុំ និងសុក្រំមានចំនួន៥ដុំ ដែលមានប្រវែងចាប់ពី ៣ទៅ៤ម៉ែត្រ។
បច្ចុប្បន្នឈើទាំងនោះ ត្រូវបានកម្លាំងជំនាញដឹកយកមករក្សាទុកនៅស្នាក់ការស្រែឈូកដោយសុវត្ថិភាព៕

