Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលជាអ្នកលក់ស្រាបៀរក្នុងហាង ខណៈកំពុងជិះម៉ូតូត្រឡប់មកពីធ្វើការ តែត្រូវជនរងគ្រោះទាញកាបូបមកវិញ បណ្ដាលឲ្យម៉ូតូជនសង្ស័យដួល ហើយប្រជាលរដ្ឋជួយចាប់បានម្នាក់ និងដកហូតបានម៉ូតូមួយគ្រឿង។ ចំណែកបក្ខពួកម្នាក់ទៀត រត់គចខ្លួនបាត់ស្រមោល កាលពី​វេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុងក្រុម៣០ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ឡា ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពុំស្កាល់អាស្រ័យដ្ឋាន ជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ (ស្គាល់គ្នានៅកោះពេជ្រ) និង២-ឈ្មោះ ផេន សៀវលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅម្តុំផ្សារស៊ីដនី ផ្លូវឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ករុណា ភេទស្រី អាយុ៣១ឆ្នាំ មុខ​របរបុគ្គលិកស្រាបៀរកម្ពុជា មានទីលំនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សម្ភារៈដកហូត រួមមាន ម៉ូតូ១គ្រឿង ម៉ាក ហុដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨​ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3636 (ម៉ូតូជិះធ្វើសកម្មភាព)​ និងកាបូបស្ពាយ ពណ៌ក្រហមចំនួន១ (ជារបស់ជនរងគ្រោះ)។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោងប្រហែល១០៖២០នាទីយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីលក់ស្រាបៀរ នៅហាងហ្គោដថេស សង្កាត់ទឹកល្អក់១​ ដោយមានអ្នកធ្វើការជាមួយគ្នាម្នាក់ទៀត ឈ្មោះ ខុម ជាអ្នកឌុប ក្នុងគោលបំណងទៅផ្ទះ។ ជនរងគ្រោះអង្គុយខាងក្រោយ ស្ពាយកាបូប នៅពេលជិះមកដល់ចំណុចមុខ​ផ្ទះលេខ៣៨៨ ផ្លូវ២៤៥ ក្រុម៣០ភូមិ១១ សង្កាត់បឹងសាឡាង ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក ហុងដា១២៥ ពណ៌ខ្មៅ​ ឌុបគ្នាពីរនាក់ បានជិះមកអែបខាងឆ្វេងដៃ​ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ។ ពេលនោះ ជនរងគ្រោះក៏ចាប់ទាញមកវិញ បណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះជនសង្ស័យព្យាយាមរត់គេច តែជនរងគ្រោះបានស្រែក​ឆោឡោ​ឡើង ធ្វើឲ្យអ្នករួមដំណើរ​ និងប្រជាពលរដ្ឋ នាំគ្នាជួយឃាត់បានជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងបញ្ជូនប្រគល់ឲ្យនគបាលប៉ុស្តិ៍បឹងសាឡាង។ ចំណែកជនសង្ស័យម្នាក់ទៀត គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor