
ភ្នំពេញៈ ហេតុការណ៍ដ៏ក្ដុកក្ដួល ស្ទើរទប់ទឹកភ្នែកមិនបាន ខណៈគ្រួសារមួយដែលមានជីវភាពក្រីក្រ ហើយធ្លាក់ខ្លួនឈឺ លុះដឹងថា ជំងឹរបស់ខ្លួនមិនអាចព្យាបាលបាននោះ ធ្វើឲ្យបុរសម្នាក់ សម្រេចចិត្តលួចរត់ចេញពីមន្ទីរពេទ្យ បាត់ដំណឹងឈឹង មិនដឹងទៅណា ធ្វើឲ្យក្រុមគ្រួសារជាពិសេសប្រពន្ធនឹករលឹកប្ដីពន់ពេក រហូតស្រក់ទឹកភ្នែក។
ស្ត្រីជាប្រពន្ធឈ្មោះ ឆាំ សំអាត អាយុ៤០ឆ្នាំជាង មុខរបរធ្វើការក្នុងអង្គការផ្ទះគ្រួសារ នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ថា ប្ដីរបស់គាត់មានឈ្មោះ លឹម រ៉ាស៊ី អាយុ៤៣ឆ្នាំ សព្វថ្ងៃគាត់ និងប្ដី រស់នៅបន្ទប់ជួលនៅម្ដុំក្នុងសង្កាត់ក្បែរកន្លែងធ្វើការនោះ និងមានកូនតូចៗ៣នាក់ តែឲ្យស្នាក់នៅជាមួយជីដូននៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ លោកស្រីបន្តថា ប្ដីរបស់គាត់មានជំងឺមហារីកពោះវៀនធ្ងន់ធ្ងរ ស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបានទេ តែគ្រូពេទ្យប្រាប់គាត់ថា ជំងឺប្ដីរបស់គាត់មានតែលេបថ្នាំពន្យារជីវិតប៉ុណ្ណោះ គឺត្រូវលេបថ្នាំឲ្យបានទៀតទាត់ ក្នុងមួយថ្ងៃ៣ដង។ លុះមុនថ្ងៃកើតហេតុ ប្ដីរបស់គាត់ត្រូវជំងឺត្រូវទុក្ខខ្លាំង ហើយនាំមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមបន្ថែមទៀត។
ស្ត្រីជាប្រពន្ធបន្តទៀតថា លុះមកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូនេះ ប្អូនប្រុសរបស់គាត់ ដែលនៅជួយមើលថែនៅមន្ទីរពេទ្យ បានទៅបន្ទប់ទឹកបត់ជើងមួយសន្ទុះ។ លុះត្រឡប់មកវិញ ស្រាប់តែបាត់ប្ដីរបស់គាត់ ហើយឃើញសេរ៉ូមដោះទុកចោលលើគ្រែ បាត់ពីបន្ទប់ដោយយកទូរស័ព្ទ៣គ្រឿង និងលុយ៥ម៉ឺនរៀល ទៅជាមួយផងដែរ។ បន្ទាប់មក ប្អូនប្រុសរបស់គាត់ ប្រញ៉ាប់ទាក់ទងតាមទូរស័ព្ទប្រាប់ឲ្យបានដឹងពីរឿងនេះ ហើយគាត់បានព្យាយាមទាក់ទងទៅប្ដី ទើបប្តីប្រាប់ថា “មិនបាច់មករកអញទេ អញកំពុងដើរមើលគេឯងនៅកោះពេជ្រ... អញមិនឲ្យក្រុមគ្រួសារអញលំបាកនោះទេ កុំតេមកទៀតអី...” និនាយតែប៉ុណ្ណឹង ប្ដីក៏ចុចបិទទូរស័ព្ទបាត់ទៅ ហើយទាក់ទងលែងបានតែម្ដង។
លុះមកដល់ម៉ោង៩យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងនាមជាប្រពន្ធ គាត់ចេញមកប្រកាសរកស្វាមីរបស់គាត់ ដែលបានលួចរត់ចេញពីមន្ទីរពេទ្យ បាត់ដំណឹងសូន្យឈឹង បន្ទាប់ពីប្ដីរបស់គាត់បានដឹងថា ជំងឺរបស់ខ្លួនមិនអាចព្យាបាលបាន ហើយមិនចង់ពិបាកដល់ក្រុមគ្រួសារនោះ ដែលធ្វើឲ្យគាត់មិនអាចដាច់ចិត្ត ទើបខំអំពាវនាវតាមរយៈបណ្ដាញសារព័ត៌មាន ខេមប៉ុស្តិ៍ ថា ទោះបីជាអត់លទ្ធភាពយ៉ាងណា ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំមកហើយ គាត់នៅតែព្យាយាមប្រកាសស្វែងរកស្វាមីរបស់គាត់ឲ្យឃើញដែរ។ ទោះជាត្រូវលក់ផ្ទះមើលជំងឺប្ដីក៏គាត់លក់ដែរ សូមឲ្យប្តីត្រឡប់មកវិញ។
ក្នុងនាមជាបណ្ដាញផ្សព្វផ្សាយ អង្គភាពសារព័ត៌មាន ខេមប៉ុស្តិ៍ បានត្រឹមជួយផ្សព្វផ្សាយដំណឹងនេះ ជាសាធារណៈឲ្យបងប្អូនបានដឹងប៉ុណ្ណោះ និងសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយគាត់តាមសទ្ធាផងចុះ និងជួយ Share ចែករំលែកដំណឹងនេះបន្តផង! បើមានអ្នកណាបានឃើញបុរសមានភិនភាគដូចរូបថតខាងក្រោម សូមជួយទាក់ទងលេខទូរស័ព្ទ 081 49 41 87 ឬ 016 96 95 43 ដើម្បីប្រាប់ឲ្យប្រពន្ធគាត់បានដឹង ដោយក្ដីគោរព និងសូមអរគុណ!!!






