
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ទំនងស្រវឹងស្រា បានបើករថយន្ដ Prius មួយគ្រឿង ក្នុងល្បឿនលឿន បានរេចចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់របាំងថ្មអស់៤ផ្ទាំង ដោយមួយផ្ទាំងខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត និងមួយផ្ទាំងទៀត ត្រូវរថយន្តបុកផ្ទប់ជាប់តែម្ដង និង២ផ្ទាំងទៀតរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ខណៈរថយន្តបង្ករងការខូចខាតផ្នែកខាងមុខរួញចូលគ្នាខ្ទេចស្ទើរតែទាំងស្រុង និងផ្ទុះកង់ទាំងសងខាងបើកទៅមុខលែងរួច ហៀរប្រេងពេញផ្លូវ តែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្ក ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-4027 បើកបរដោយបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹងតែម្ដង លាន់ឮដូចរន្ទះ បណ្ដាលឲ្យបាក់របាំងថ្មអស់ចំនួន២ផ្ទាំង ដោយមួយផ្ទាំងខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត និងមួយផ្ទាំងទៀត ត្រូវរថយន្តបុកផ្ទប់ជាប់តែម្ដង និង២ផ្ទាំងទៀត រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខរួញចូលគ្នាខ្ទេចស្ទើតែទាំងស្រុង និងផ្ទុះកង់ទាំងសងខាង បើកទៅមុខលែងរួច ហៀរប្រេងពេញផ្លូវ តែសំណាងល្អ ជនជាតិចិន ដែលជាអ្នកបើកបរនោះ បានបោកនឹងដៃចង្កូត ផ្ទុះពោងសុវត្ថិភាព ហើយបានពាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ ទើបមិនបណ្ដាលឲ្យរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់ផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង រួចបានឃាត់ជនជាតិចិន ដែលបើករថយន្តបង្កនោះ និងនាំទៅសាកសួរ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង រួចស្ទូចរបាំងថ្មដែលនៅកណ្ដាលផ្លូវនោះ យកមកដាក់កន្លែងដើមសិន ហើយស្ទូចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់ផងដែរ៕











