ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានចង.កសម្លាប់ខ្លួនឯង នៅផ្សារដេប៉ូជាន់ទី១ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ដោយមិនទាន់ដឹងថាស្ត្រីរងគ្រោះខាងលើមានវិបត្តិអ្វីឡើយ កាលពីវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្វាយ សុផល អាយុ៦៣ឆ្នាំ មុខរបរ ជាអាជីវករនៅផ្សារដេប៉ូ ស្នាក់នៅផ្ទះលេខ១៥៦E1 ផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ តែងតែមកបើកតូបលក់ដូររបស់ខ្លួនជារៀងរាល់ព្រឹកដូចធម្មតា ក្រោយមកនៅវេលាម៉ោងកើតហេតុ ស្រាប់តែកូនស្រីរបស់គាត់បានឡើងមករក តែរកមិនឃើញនោះទេ រួចបានសួរនាំអ្នកនៅជិតនោះ។ ក្រោយមក កូនស្រីរបស់គាត់បានសួរនាំអ្នកលក់ដូររួចមក ក៏បានដើរចូលទៅក្នុងតូបលក់ដូរនោះម្តងទៀត ក៏ស្រាប់តែឃើញស្ត្រីរងគ្រោះខាងលើ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយយកក្រមាចងមួយចង្រឹងដែកសម្លាប់ខ្លួនឯងតែម្តង។
ប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅជិតកន្លែងកើតហេតុ បានប្រាប់ថា កាលពីម្សិលមិញ ស្ត្រីរងគ្រោះខាងលើបានរអ៊ូរទាំថា រូបគាត់ពិបាកចិត្តណាស់ ដោយសារតែមានវិបត្តិក្នុងគ្រួសារ។ លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើ ចង.កសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយមកសន្តិសុខនៅផ្សារដេប៉ូ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យទៅលើស្ត្រីរងគ្រោះខាងលើ។
ក្រោយពីធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕