
ភ្នំពេញៈ ក្នុងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចលើកទី៤១ នៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនេះ បានសម្រេចជ្រើសយក លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់៦រូបផ្សេងទៀត ធ្វើជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍។
សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា គឺមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដោយមានសមាជិក-សមាជិការ ចូលរួមជាង១ពាន់នាក់។
ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ នេះ ត្រូវបានជ្រើសយកលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមន្រ្តី៦រូប ផ្សេងទៀត ដែលសុទ្ធតែមានងារ ជាឧបនាយករដ្ឋមន្រ្តី មកធ្វើជាសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍របស់បក្ស ក្រោយពីសមាជិកមួយចំនួន បានទទួយមរណភាព។
សមាជិកទាំង៧រូបនោះរួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ , លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី, លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស , លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធលខេមរភូមិន្ទ, លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សូមរំឭកថា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ របស់បក្សកាន់អំណាច មានសរុបទាំងអស់៣៧រូប៕






