header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់អ្នកធ្វើការជាមួយគ្នា ស្មានថាគេមិនដឹង ចុងក្រោយឆែកកាំមេរ៉ាឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥៖៤០នាទី ត្រង់ចំណុចក្នុងបរិវេណខុនដូរយូប៊ែងផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុំ ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សម្ភារៈបាត់បង់៖ ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CF-1494 (របស់ជនរងគ្រោះ)។ សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកណូគារចុចពិល និងនាឡិការដៃពណ៌ខ្មៅ ចំនួន១គ្រឿង របស់ជនសង្ស័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ មកធ្វើការនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដើរចូលទៅធ្វើការលុះដល់ម៉ោង២និង០០នាទី ជនរងគ្រោះបានមកមើលម៉ូតូរបស់ខ្លួនតែមិនឃើញ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន រួចជនរងគ្រោះបានទំនាក់ទំនង់ទៅជនសង្ស័យតែជនសង្ស័យមកជួបជនរងគ្រោះឡើយ។ លុះរហូតដល់ម៉ោង៥និង៤០នាទី ជនរងគ្រោះបានឃើញជនសង្ស័យមកដល់កន្លែងធ្វើការ(ចំណុចកើតហេតុ) ជនរងគ្រោះបានសហការជាមួយឈ្មោះ ប្រាក់ វណ្ណីត នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post