កំពង់ចាមៈ ដោយបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការជ្រើសរើសឲ្យចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៨ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវិញ្ញាសារប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ កៅ កេសរៈ អនុប្រធាននាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ នុត ប៊ុនធឿន តំណាងបណ្ឌិតសភានគរបាលកម្ពុជា តំណាងអនុប្រធាន កម្មការជ្រើសរើសឲ្យចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ជាអនុប្រធានអចិន្ត្រៃយ៍។
ដើម្បីដំណើរការប្រឡងដោយសមត្ថភាពនេះ បានប្រព្រឹត្តទៅដោយរលូន និងមានភាពសុក្រឹតផងនោះ លោកឧត្តមសេនីយ៍ស្នងការ បានហៅបេក្ខជន-បេក្ខនារី មកពិនិត្យហឹបដាក់វិញ្ញាសាដែលបានបិទសៀលនិងសោ និងបានលើកយកវិញ្ញាសាបង្ហាញដល់បេក្ខជន-បេក្ខនារី ដែលជាបេក្ខជនប្រឡង ពិនិត្យទៅលើវិញ្ញាសា ដើម្បីធ្វើការផ្ទៀងផ្ទាត់ថា មិនមានស្នាមរហែក មិនមានរបក មិនរបើក រួចបានដំណើរការកាត់ស្រោមដាក់វិញ្ញាសាចែកជូនទៅតាមបន្ទប់នីមួយៗ។
បេក្ខជន-បេក្ខនារី ដែលមានឈ្មោះប្រឡងសរុបចំនួន២៤១នាក់ ស្រីចំនួន៩៤នាក់ ស្មើនឹង ១១បន្ទប់ អវត្តមានចំនួន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) លទ្ធផលនៃដំណើរការប្រឡង គឺ ប្រកបដោយរលូន៕