
រតនគិរីៈ រថយន្តសាំយ៉ុងចំនួន២គ្រឿង ដឹកជញ្ជូនឈើប្រណីតជាច្រើនម៉ែត្រគីប ត្រូវបានកម្លាំងចម្រុះស្រុកអូរយ៉ាងដាវ ស្ទាក់ចាប់បាន រួចប្រគល់ជូនរដ្ឋបាលព្រៃឈើបរកែវ។
ការឃាត់រថយន្តសាំយ៉ុងទាំងពីរគ្រឿងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ច ដែលចុះឃាត់រថយន្តខាងលើ បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងចម្រុះស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក បានចាប់ឃាត់រថយន្តដឹកបទល្មើសដឹកអនុផលព្រៃឈើចំនួន២គ្រឿង នៅចំណុចខាងលើរួមមាន ៖
១- រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២D-២០៤៧ ផ្ទុកឈើប្រណីតប្រភេទធ្នង់ចំនួន៧០៥គីឡូក្រោម និងសុក្រំចំនួន០,៣៦៨ម៉ែត្រគីប។
២- រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ២A-០១៥៩ ផ្ទុកឈើប្រណីតប្រភេទធ្នង់ចំនួន ២៣៥គីឡូក្រោម និងសុក្រំចំនួន០,៣៥៣ម៉ែត្រគីប។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង រួមនឹងឈើប្រណីតទាំងនោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនផ្នែក រដ្ឋបាលព្រៃឈើបរកែវ ចាត់ចែងបន្តតាមច្បាប់ព្រៃឈើ៕



