header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតប្រធានសមាគម គ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ហាក់ពុំមានជំនឿចិត្ត ទៅលើក្រសួងមហាផ្ទៃ ដែលបានចេញលិខិតផ្ដ ល់សិទ្ធិ ឲ្យអង្គការសង្គមស៊ីវិល (NGOs)នានា ធ្វើបាតុកម្មដោយមិនបាច់ជូនដំណឹងទៅក្រសួងមហាផ្ទៃ ហើយថានេះ គ្រាន់តែចេញឲ្យល្អមើលតែប៉ុណ្ណោះ ។

ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ ខួបលើកទី៧០ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក រ៉ុង ឈុន បានថ្លែងទាក់ទងទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃដែល បានបើកសិទ្ធិឲ្យអង្គការសង្គមស៊ីវិល ធ្វើបាតុកម្មនៅតាមបណ្ដាខេត្ត ឬរាជធានី មិនចាំបាច់ជូនដំណឹងទៅក្រសួងមហាផ្ទៃក៏បានដែរនោះ គ្រាន់តែជារូបភាពឲ្យល្អមើលប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងករណីនៅខេត្តព្រះវិហារ បន្ទាយមានជ័យ ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យធ្វើបាតុកម្មទៅវិញ ។

លោកបន្តថា “ចឹងប្រហែលក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម គ្រាន់តែចេញឲ្យតែល្អមើល ប៉ុន្តែក្រោមតុ ខ្សឹបប្រាប់កូនចៅថា បើសិនជាពួកអស់ហ្នឹងទៅធ្វើ ហ្អែងកុំឲ្យវាធ្វើ អាហ្នឹងន័យបែបហ្នឹង”។

លោកក៏បានស្នើឲ្យ សម្ដេចក្រឡាហោម ស ខេង ពិនិត្យមើលអាជ្ញាធរនៅតាមមូលដ្ឋានឡើងវិញ ឲ្យពួកគេអនុវត្តតាមសេចក្តីប្រកាសរបស់សម្តេច កុំឲ្យបានតែប្រកាស តែការអនុវត្តមិនមាន ។ លោកថា ការចេញសេចក្ដីប្រកាស និងការអនុវត្តត្រូវដើរទន្ទឹមគ្នាទើបជាការល្អ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ វិច្ឆិកា សម្តេច ស ខេង បានប្រកាសថា សមាគម អង្គការមិនមែនរដ្ឋាភិបាល មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាព ស្របច្បាប់នៅកម្ពុជា ដោយពុំចាំបាច់ជូនដំណឹង ទៅអាជ្ញាធរដូចមុនទេ ឲ្យតែបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តាំផ្ញើទៅអភិបាលរាជធានី-ខេត្ត ត្រូវជួយសម្រួលការធ្វើសកម្មភាព របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានផងដែរ នៅពេលពួកគាត់ធ្វើសកម្មភាពអ្វីមួយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post