header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្របតាមតម្រូវការចាំបាច់របស់ព្រះសង្ឃ ដែលមានកំណើនកាន់តែច្រើនឡើង បាននិមន្ត មកគង់ ស្នាក់នៅរៀនសូត្រ និងកំណើនប្រជាពុទ្ធបរិស័ទ មកធ្វើបុណ្យទាននានា នៅក្នុងវត្តទួលទំពូង កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត បានសម្រេច កែសម្រួលថាវរវត្ថុមួយចំនួន ក្នុងវត្តនេះឲ្យមានភាពល្អប្រសើរជាងមុន ។

ព្រះវិន័យ វង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្ត មណិរតនារាម ហៅវត្ត ទួលទំពូង បានមានព្រះថិរដិការ ឲ្យដឹងនៅក្នុងពិធីបុក្រគ្រឹះ បញ្ចុះបឋមសិក្សា សាង់សង់អគារ សាលាធម្មសភាថ្មី នាថ្ងៃទី១០ ខែធ្នូនេះថា ដោយសារសាលាធម្មសភាចាស់ មានសភាព តូចចង្អៀត ចាស់ទ្រុឌទ្រោម ធ្វើឲ្យពុទ្ធបរិស័ទ មានកង្វល់ ភ័យខ្លាចបាក់ធ្លាក់ បង្កគ្រោះថ្នាក់ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យទាននានានោះ ក៏បានសម្រេចផ្តើមកសាងជាថ្មី តាមរយៈការគៀងគរ រកសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមតាមសទ្ធាជ្រះថ្លា ។

ព្រះអង្គបន្តថា សាលាធម្មសភាថ្មីនេះ នឹងសាងសង់តាមរចនាបទខ្មែរ នៅលើទីតាំងចាស់ ដែលមានទំហំ២៣គុណ៣៦ម៉ែត្រ មានកម្ពស់៣១ម៉ែត្រ គ្រោងនឹងចំណាយថវិកាប្រមាណ១លានដុល្លារអាមេរិក ខណៈនេះ ប្រមូលបានបច្ច័យសរុបប្រមាណ ១០លានរៀល និង៥ម៉ឺនដុល្លារ ទុកសម្រាប់ការកសាង ។ ក្រៅពីនោះការកសាងទាំងមូល សម្រេចប្រគល់ជូនទៅ លោកស្រី ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនជីបម៉ុង និងក្រុមគ្រួសារ ជាអ្នកចាត់ចែង ក្នុងការកសាង ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង បានថ្លែងឲ្យដឹងថា ផ្តើមចេញពីសទ្ធា នឹងដឹងគុណ ពីក្រុមគ្រួសារលោក ចំពោះអារាមមួយនេះ ជាពិសេស អនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន ដែលតែងតែចូលរួមបរិច្ចាក ក្នុងកិច្ចការសង្គម គ្រប់រូបភាពផ្សេងៗផងនោះ ក៏បានធានាទទួលរាប់រងទាំងស្រុង លើការកសាងសាលាធម្មសភាថ្មី ដែលមានទំហំ ៨២៨ម៉ែត្រក្រឡា លើផ្ទៃដី១២៧៦ម៉ែត្រក្រឡា ក្នុងទំហំទឹកប្រាក់១លានដុល្លារអាមេរិក ដែលសាងសង់ដោយក្រុមហ៊ុនជីបម៉ុងផ្ទាល់ តាមការរចនារបស់អ្នកជំនាញ ។

លោកឧកញ៉ា ក៏បានអំពាវនាវ ឲ្យមានការចូលរួមពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីទុកជាប្រយោជន៍រួម ក្នុងវិស័យព្រះពុទ្ធសាសនា នឹងជាបុណ្យកុសល តម្គល់ទុក សម្រាប់ពេលបច្ចុប្បន្ន និងអនាគតជាតិរៀងៗខ្លួន ។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈ ព្រះពុទ្ធសាសនាបានស្តែងចេញពីការកសាងយ៉ាងរឹងមាំ នូវស្ពានសាមគ្គីភាព មិត្តភាព ការបង្កើតធនធានមនុស្ស ការអប់រំផ្លូវកាយ ផ្លូវចិត្ត ដែលជាមាគ៌ា ដ៏ប្រពៃ និងជាបំណងប្រាថ្នារបស់សង្គមកម្ពុជាទាំងមូល ។

លោករដ្ឋលេខាធិការបញ្ជាក់ថា ព្រះពុទ្ធសានា ពិតជាបានដើរតួនាទីស្នូលយ៉ាងសំខាន់ នៃវប្បធម៌សន្តិភាព ដែលពលរដ្ឋខ្មែរ ផ្តល់តម្លៃយ៉ាងពិសិដ្ឋ និងពង្រឹងឲ្យក្លាយទៅជាសីលធម៌សង្គម តាមបែបផែន នៃការរស់នៅប្រកបដោយ ការរីកចំរើន ជឿនលឿន និងសុខដុមនីយកម្ម ក្នុងសង្គមជាតិទាំងមូល ដោយគ្មានការរើសអើង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post