
កំពង់ចាមៈ ថ្ងៃអាទិត្យ ១០ រោជ ខែ កត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០១៨ ដើម្បីអបអរសាទរ ទិវារំលឹកខួប អនុស្សាវរីយ៍ លើកទី៤០ នៃថ្ងៃកំណើត រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលមានការចូលរួមពីមន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាព ជុំវិញខេត្ត ។
មានអតីតកាល ទើបមានបច្ចុប្បន្ន...មានថ្ងៃនេះ គឺដោយសារពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតរបស់មហាបុព្វបុរសយើង ។
២ធ្នូ ជាដំណើរឆ្ពោះទៅរកការផ្តួលរំលំអង្គការចាត់តាំង និងយោធា របបកម្ពុជាប្រជាធិបតេយ្យ និងរំដោះប្រជាពលរដ្ឋខ្មែរឱ្យរួចរស់ពីការកាប់សម្លាប់ និងគុកឥតជញ្ជាំង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាមហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ ។
មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន ។
មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចខាងក្រោម៖
ទី១. ផ្តួលរំលំរបបប្រល័យពួជសាសន៍ខ្មែរក្រហម រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីរណ្តៅមរណៈ
ទី២. គោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជនកម្ពុជា
ទី៣. កសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាពទឹកដី និងសម្បូររុងរឿង៕













