បន្ទាយមានជ័យៈ មេបញ្ជាការយោធភូមិភាគទី៥ ឧត្តមសេនីយ៍ឯក ប៊ុន សេង បានដាក់ពង្រាយកម្លាំងទាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់។ ការដាក់ពង្រាយកម្លាំងទាហាន ចំណុះយោធភូមិទី៥ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងមួយចោទប្រកាន់ថា មេបញ្ជាការយោធភូមិភាគ៥ ចាប់ត្រាក់ទ័រមួយគ្រឿង យកទៅលក់ និងស៊ីសំណូក២០០០ដុល្លារ ធ្វើឲ្យរឿងនេះកំពុងតែកក្រើកនៅក្នុងស្ថាប័នក្រសួងការពារជាតិ។
ប្រភពដែលអាចជឿទុកចិត្តបាន បានបង្ហើបប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា កម្លាំងដែលដាក់ពង្រាយ គឺទទួលបានបទបញ្ជាយ៉ាងតឹងរឹង ដោយទទួលបញ្ជាត្រូវតែបង្ក្រាបឲ្យបាននូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ កែវ ចម្រើន មេបញ្ជាការរងកងយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈការពារព្រំដែនគោកលេខ៥០៣ ត្រូវបានគេប្តឹងថា បានចាប់ និងលក់ត្រាក់ទ័រមួយគ្រឿង ដែលបង់ពន្ធត្រឹមត្រូវតាមច្បាប់ ហើយចតនៅមុខផ្ទះ និងស៊ីសំណូកលុយចំនួន២០០០ដុល្លារ។
បណ្តឹងដែលបានប្តឹងចូលទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ឈ្មោះ ចាន់ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ខ្លួន(ជនរងគ្រោះ)បានចតត្រាក់ទ័រមួយគ្រឿង នៅចំនុចច្រកបឹងព្រីង ហើយឈ្មោះ សុខ សុផល បានមកចាប់ និងរឹបអូសត្រាក់ទ័រខ្លួន យកទៅទុកនៅទីបញ្ជាការវរៈការពារព្រំដែន៥០៣ ដោយចោទថា ជាត្រាក់ទ័រដែលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀង។ នៅក្នុងបណ្តឹងនោះ បញ្ជាក់ផងដែរថា ត្រាក់ទ័រដែលអង្គភាពវរៈការពារព្រំដែន៥០៣ ចាប់យកទៅ គឺជាត្រាក់ទ័រដែលបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។
បណ្តឹងដដែលនេះ ក៏បានចោទប្រកាន់លើឧត្តមសេនីយ៍ទាំងបីរូបខាងលើថា បានលក់ត្រាក់ទ័ររបស់ខ្លួន និងស៊ីលុយរត់ការ២០០០ដុល្លារថែមទៀត។ បណ្តឹងនោះ ត្រូវបាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងការពារជាតិ ទទួល និងចុះលេខរួចហើយដែរ ប៉ុន្តែមិនទាន់ឃើញមានដំណោះស្រាយ។
បើតាមប្រភពខាងលើ ដោយសារតែបណ្តឹងមួយច្បាប់ បានធ្វើឲ្យមេបញ្ជាការយោធភូមិភាគ៥ ប៊ុន សេង ឆេះដុំដាក់បទបញ្ជាឲ្យទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលនាំចូលដោយខុសច្បាប់។
ជាការកត់សម្គាល់ គេសង្កេតឃើញថា តំបន់ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ មានច្រករបៀងមិនតិចជាង៣០០ច្រកនោះទេ។ ច្រកទាំងនោះ គឺគ្រប់គ្រងដោយប៉ូលិសព្រំដែន ទាហានព្រំដែន សឹករង ប៉ុន្តែបទល្មើសគឺពេញបន្ទុក មានម៉ូតូ ឡានចង្កូតស្តាំ ទំនិញ ឈើ គោ ក្របី ជ្រូក ពពែ មាន់ទា នាំចូលមកកម្ពុជា ដោយខុសច្បាប់ មិនបង់ពន្ធជាដើម។
ជាក់ស្តែងមួយរយៈចុងក្រោយ បន្ទាប់ពីមានបទបញ្ជារបស់មេបញ្ជាការភូមិភាគ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានសុំចេញបង្ហើយម៉ូតូ៣០គ្រឿងទៀត ដែលចូលហួសមកក្នុងហើយ តែត្រូវបដិសេធវិញ ពីអ្នកអនុវត្តបទបញ្ជា។
សូមបញ្ជាក់ផងដែរថា កន្លងមក ទោះជាមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យទប់ស្កាត់ បង្ក្រាបបទល្មើសយ៉ាងណាក៏ដោយ ក៏មិនមានសមត្ថកិច្ចណាមួយ ដែលឈរជើងតាមបន្ទាត់ព្រំដែនខាងលើ អនុវត្តន ឬយកភ្នែកមើលឡើយ។ តែនេះដោយសារតែប៉ះមេភូមិភាគ ទើបបទល្មើសថយចុះ តែក៏មិនប្រាកដថា គ្មានបទល្មើសឆ្លងដែននោះដែរ៕
ផ្ដល់សិទ្ធិដោយ៖ campost.news