ស្វាយរៀងៈ ជនជាតិចិនម្នាក់ មុខរបរជាចុងភៅក្នុងក្រុមហ៊ុនអនឡាញកាស៊ីណូក្រោន បានស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារដួលដាច់ផ្ងារបោកក្បាលទៅចានបង្គន់ក្នុងបន្ទប់ទឹកកាស៊ីណូ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ZHONG yTNG អាយុ៤៥ឆ្នាំ ជាជនជាតិចិន មានមុខរបរចុងភៅ នៅក្នុងកាស៊ីណូក្រោន កាន់លិខិតឆ្លងដែន EE0932925។
សមត្ថកិច្ចបន្តថា មូលហេតុនៃការស្លាប់ គឺដោយសារដួលបោកក្បាលផ្នែកខាងក្រោយ ប៉ះនឹងចានបង្គន់រងរបួសធ្ងន់ ហើយត្រូវខាងក្រុមហ៊ុនដឹកតាមរថយន្តសង្រោះបន្ទាន់ ខណៈកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏ដាច់ខ្យល់ស្លាប់តែម្តង។ បច្ចុប្បន្នសពតម្កល់នៅមន្ទីរពេទ្យខេត្ត។
លុះដល់វេលាម៉ោង២រសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត ប៉ែន សុលដា ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរខេត្តស្វាយរៀង បានពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារដួលបោកក្បាលប៉ះផ្នែកខាងក្រោយទៅនឹងចានបន្គន់បន្ទប់ទឹក បណ្តាលឲ្យស្លាប់ពិតប្រកដមែន។ សាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅក្រុមហ៊ុន អូសប៊ន មានទីតាំងនៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្ដល់សិទ្ធិដោយ៖ campost.news