header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបដិសេធ​ទៅនឹងសម្ដីលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលើសម្ដេចក្រឡាហោម ដោយថា សម្ដេច ហាមឃាត់លោកមិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសម្តេចតបថា នោះគឺជាពាក្យសម្តីមួលបង្កាច់តែប៉ុណ្ណោះ។

សម្ដេច ស ខេង លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី បានផ្ដល់កិច្ចសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែធ្នូនេះថា “នៅឆ្នាំ២០១៥ ខ្ញុំត្រៀមរៀបចំមកប្រទេសកម្ពុជាវិញ ស្រាប់តែខ្ញុំបានទទួលព័ត៌មានជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គាត់បានប្រាប់ខ្ញុំថា ទើបតែជួបលោក ស ខេង គេបានពិគ្រោះយោបល់គ្នាថា ឲ្យខ្ញុំផ្អាកមកវិលត្រឡប់ មកវិញរបស់ខ្ញុំ មួយរយៈពេលសិន ពីព្រោះលោក ស ខេង បានប្រាប់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា គាត់អត់ឯកភាពទេ គម្រោងលោក ហ៊ុន សែន ចង់ចាប់ខ្ញុំ”

ក្រោយពីមានការចោទប្រកាន់បែបនេះ សម្ដេច ស ខេង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ថ្មីៗនេះ ក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយចោទប្រកាន់ មួលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសមកលើរូបខ្ញុំ អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក។ ការលើកឡើងរបស់លោក សម រង្ស៊ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់ មិនឲ្យវិលត្រឡប់មកប្រទេសវិញនោះ គឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ”

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តថា ក្នុងនាមជាអ្នកចូលរួមក្នុងឆាកនយោបាយ សម្ដេច មិនដល់ថ្នាក់ឆោតល្ងង់ប្រាប់លោក សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះ ខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យលោក សម រង្ស៊ី មានលេសវាយប្រហារមកលើរូបសម្ដេចវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកា ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី រួចហើយ។

សម្ដេច បញ្ជាក់ទៀតថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួច ដូច្នេះទណ្ឌិត សម រង្ស៊ី សម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះ ស្ថិតលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ ព្រោះការចេញដីកាចាប់ខ្លួនទណ្ឌិតរូបនេះ ត្រូវបានប្រកាសជាសាធារណៈ។ បន្ថែមពីលើនេះទៀត សម្តេចក្រឡាហោម បញ្ជាក់ទៅកាន់សារព័ត៌មាន សាធារណៈមតិជាតិ-អន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ពុំមិនមានអ្វីជាអាថ៌កំបាំងឡើយ។

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី អំពីសម្ដេចក្រឡាហោម លំបាកធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចថា នេះគឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ ប្រការនេះ លោក សម រង្ស៊ី ចង់ឲ្យសាធារណៈមតិមានការភ័ន្តច្រឡំ មកលើរូបសម្ដេច និងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។

ចំពោះកិច្ចចសន្យារវាងតំណាងបក្សមតិភាគច្រើន និងភាគតិច ដែលមានសម្តេច ស ខេង ជាតំណាងបក្សកាន់អំណាច និងលោក សម រង្ស៊ី ជាតំណាងបក្សប្រឆាំង កាលពីអំឡុងឆ្នាំ២០១៣នោះ សម្ដេច ស ខេង បានរំឭកថា ធាតុពិត លោក សម រង្ស៊ីទេ ដែលសម្ដេច ពិបាកធ្វើការជាមួយ។ ជាក់ស្តែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ សម្ដេចដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្ស៊ី តំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិ បានជជែកគ្នាតាមទូរស័ព្ទអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយរវាងគណបក្សទាំងពីរ ហើយសម្ដេច បានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាត្រឹមត្រូវ។

បន្ទាប់មក សម្ដេច និងលោក សម រង្ស៊ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះ ក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម លោក កឹម សុខា បានជំទាស់នឹងសេចក្តីព្រាងនោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចាត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត។ បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថា គឺ សម រង្ស៊ី ទេជាអ្នកបោកសម្តេច ថែមទៀតផង។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អះអាងថា “ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ហាជាតិជាង៤០ឆ្នាំកន្លងមកហើយ។ ជោគជ័យនៃការបោះឆ្នោត អាណត្តិទី៦ កន្លងទៅនេះ បានបញ្ជាក់យ៉ាងច្បាស់ តាមរយៈនូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា”

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post