
បន្ទាយមាន័យៈ បុរសម្នាក់ ដែលគេដឹងថា ជាគ្រូចាប់ពស់ដ៏ល្បីប្រចាំភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី បានស្លាប់ហើយ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីត្រូវពស់វែកដំបូកចឹកចំម្រាមដៃ។
លោក ស៊ិន ណារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា គ្រូចាប់ពស់ដែលស្លាប់មានឈ្មោះ មួក ហៀប អាយុ៥៦ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានដើររកចាប់ពស់យកមកលក់ដូចទម្លាប់រាល់ដង។ លុះបានជួបពស់វែកដំបូកមួយក្បាល ជនរងគ្រោះក៏បានស្ទុះទៅចាប់តែអកុសលពស់បានចឹកចំម្រាមកណ្តាលនៃដៃខាងឆ្វេង។ ដោយអាងថាខ្លួនជាគ្រូចាប់ពស់ ពេលពស់ចឹកមិនបានទៅពេទ្យទេ គឺគ្រាន់តែរកគ្រូខ្មែរស្តោះផ្លុំប៉ុណ្ណោះ។ លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែល ជនរងគ្រោះជាគ្រូចាប់ពស់ដ៏ល្បីប្រចាំភូមិ ក៏បានស្លាប់បាត់បង់ជីវិត ហើយបច្ចុប្បន្នកំពុងធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានខាងលើ៕

