
ភ្នំពេញៈ យុវជន២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន ហើយស្វាគមណ៍ម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យបែកក្បាល ក្រោយពួកធ្វើសកម្មសភាពជិះម៉ូតូឆក់ទូរស័ព្ទពីជនបរទេសម្នាក់ ខណៈកំពុងឈរនិយាយទូរស័ព្ទ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ កែង ផ្លូវលេខ៥៥ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ មឿន ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)។ ទី២ ឈ្មោះ សុខ ឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាពឆក់)។ ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិបារាំង។
វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY 9266 (មធ្យោបាយធ្វើសកម្មភាព)។ សម្ភារបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាក sansung ពណ៌ទឹកប្រាក់ (ត្រូវជនសង្ស័យបោះចោលតាមផ្លូវ ពេលកំពុងជិះគេចខ្លួន )។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២ បានជិះមួយគ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិបរទេសម្នាក់ កំពុងឈរនិយាយទូរស័ព្ទ បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាត ដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យ រេចង្កូតប៉ះជាមួយរថយន្តដួលម៉ូតូ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយ ធ្វើឲហតជនសង្ស័យម្នាក់របួសក្បាល នៅចំណុចផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង២ មកសាកសួរនៅប៉ុស្តិ៍។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕





