លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់អតីតបក្សប្រឆាំងទើបបានជួបលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាលើកដំបូងបន្ទាប់ពីបានចេញពីពន្ធនាគារ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នេះ។ លោក អ៊ុំ សំអាន បានសរសេរក្នុងហ្វេសប៊ុកថា៖ ខ្ញុំ អ៊ុំ សំអាន ទើបបានជួបលោកប្រធាន សម រង្ស៊ី ជាលើកដំបូងបន្ទាប់ពីបានចេញពីពន្ធនាគារក្នុងនាមជាអ្នកទោសមនសិការ។ ជួបគាត់ថ្ងៃនេះនៅសហរដ្ឋអាមេរិក។ ខ្ញុំសង្ឃឹមថានឹងបានជួបលោកប្រធាន កឹម សុខា ក្នុងពេលឆាប់ៗនេះដែរ ។ សម រង្ស៊ី កឹម សុខា គឺជាមនុស្សតែមួយ។
ជំនួបរបស់លោក អ៊ុំ សំអាន និងលោក សម រង្ស៊ី នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលជាកន្លែងធ្វើសន្និសីទរបស់អ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស។ ជាសន្និសីទពិភពលោកដែលអ្នករៀបចំអះអាងថាដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីជំរុញឱ្យដោះលែងលោក កឹម សុខា និងឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។
ប៉ុន្តែសន្និសិទនេះត្រូវបានជំទាស់ពីក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្កោះជាតិមួយក្រុមទៀតក៏ដូចជាមេធាវីលោក កឹម សុខា ផងដែរ ដោយពួកគេសង្ស័យថាជាសន្និសីទធ្វើឡើងដើម្បីឱ្យលោក សម រង្ស៊ី ក្លាយជាប្រធានគណបក្សសង្រ្គោះជាតិឡើងវិញ។
បើតាមគម្រោងសន្និសីទនេះ គឺមានប្រតិភូចូលរួមជាង ៤០០ នាក់ មកពីសហរដ្ឋអាមេរិក កាណាដា បារាំង ប៊ែលហ្សិក ស្វីស អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូឡង់ ន័រវេ ស៊ុយអែត និងហ្វាំងឡង់។ ចំណែកទ្វីបអាស៊ីវិញ មានតំណាងពីកម្ពុជា ថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង និងមានតំណាងប្រចាំអូស្ត្រាលី និងញូហ្សេលែន ទៀតផង។