
កំពង់ឆ្នាំងៈ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូបើកបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-5857 ពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្ពានថ្មផ្សារលើ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុ សមត្ថកិច្ចត្រួតពិនិត្យឃើញមានរបាំងបិតមុខ “និនចារ” (ដាក់ក្រោមកែបម៉ូតូ)ជារបស់អ្នកបើកម៉ូតូ ឈ្មោះ ផាន់ សុជាតិ អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
របាំងបិតមុខ “និនចារ”នេះ សមត្ថកិច្ចមិនទាន់ដឹងថា ជនរងគ្រោះទុកប្រើប្រាស់ក្នុងគោលបំណងអ្វីនោះទេ។ យ៉ាងណា រង់ចាំជនរងគ្រោះដឹងខ្លួនសិន ចាំសាកសួរនៅពេលក្រោយ ខណៈដែលម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចអូសមកទុកនៅប៉ុស្តិ៍៕







