header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជាថ្មីម្តងទៀត អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីប្រទេសបារាំង ថា លោកនឹងវិលចូលមកស្រុកខ្មែរ នៅពេលឆាប់ៗនេះ គឺនៅឆ្នាំ២០១៩ខាងមុខនេះហើយ។ ការប្រកាសរបស់អតីតមេបក្សប្រឆាំងនេះ គឺសង្កេតឃើញជាច្រើនលើកមកហើយ ប៉ុន្តែមិនហ៊ានចូលមកនោះទេ។ យ៉ាងណាក្តី ប្រកាសនេះ ត្រូវស្វាគមន៍គាំទ្រលោក ពិសេសនោះពីសំណាក់គណបក្សកាន់អំណាចតែម្តង។

ក្នុងវេទិកាសាធារណៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែធ្នូម្សិលិញ លោក សម រង្ស៊ី បានបញ្ជាក់ថា “ខ្ញុំសូមប្រកាស ខ្ញុំនឹងវិលមកប្រទេសខ្មែរវិញ ដើម្បីនិយាយប្រាប់ប្រជាពលរដ្ឋថា សម រង្ស៊ី ធ្វើអ្វី? អត់ទេ បងប្អូនយើងត្រូវតែប្រាប់ប្រជាពលរដ្ឋខ្មែរថា ត្រូវតែមានក្បាលម៉ាស៊ីនមួយច្បាស់លាស់។ ហើយជាមួយអន្តរជាតិ ក៏អីញ្ចឹងដែរ បើយើងគ្មានក្បាលម៉ាស៊ីន តើយើងនិយាយជាមួយអ្នកណា?”

លោក សម រង្ស៊ី ក៏អះអាងថា “រចនាសម្ព័ន្ធថ្មីរបស់គណបក្សសង្គ្រោះជាតិ នឹងចេញហើយបងប្អូន។ ខ្ញុំនឹងទៅស្រុកខ្មែរវិញបងប្អូន មិនមែនម្នាក់ឯងទេ។ តែយើងនៅស្ងៀម យើងត្រូវតែមានក្បាលម៉ាស៊ីន ដើម្បីឲ្យពលរដ្ឋដឹង និងងើបឈរតតាំងជាមួយសម្តេច ហ៊ុន សែន នៅឆ្នាំ២០១៩”

ទាក់ទិននឹងការលើកឡើងរបស់មេបក្សប្រឆាំងនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសើចចំអកថា លោក សម រង្ស៊ី មិនហ៊ានមកទេ ប៉ុន្តែបើមកមែន លោកស្វាគមន៍ ព្រោះពន្ធនាគារកំពុងរង់ចាំ។

លោកបន្តថា ក្នុងកិច្ចប្រជុំមួយ ដែលលោក សម រង្ស៊ី ថា នៅទីក្រុងប៉ារីស លោក សម រង្ស៊ី បានអះអាងជាមួយអ្នកចូលប្រជុំមួយចំនួនតូចថា ខ្លួននឹងចូលមកស្រុកខ្មែរ នៅឆ្នាំ២០១៩ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ក៏បានបំផុសញុះញង់ឲ្យប្រជាជនមួយចំនួន ដែលគាំទ្រខ្លួន ងើបឡើងតស៊ូជាមួយខ្លួន ប្រឆាំងនឹងការដឹកនាំបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន។

លោកបញ្ជាក់ថា ប្រជាជនកម្ពុជា រង់ចាំមើល តើទណ្ឌិត សម រង្ស៊ី ហ៊ានចូលស្រុកដែរឬទេ នៅឆ្នាំ២០១៩នេះ ព្រោះនៅតែ១ខែទៀតទេ នឹងមកដល់ហើយ។ លោកថា «ការដែល សម រង្ស៊ី និយាយថា នឹងមកចូលស្រុកនេះ មានច្រើនដងហើយ រាប់មិនអស់ទេ តែគេនៅតែមិនឃើញទណ្ឌិតរូបនេះ អើតក្បាលចូលមកក្នុងស្រុកសោះ»

លោកបន្ថែមថា ការប្រកាសរបស់ទណ្ឌិត សម រង្ស៊ី វាគ្រាន់តែជាការភូតកុហក ដើម្បីស្ទង់មើលសភាពការណ៍ និងប្រតិកម្មនានាតែប៉ុណ្ណោះ តាមការពិតលោក សម រង្ស៊ី ជាជនកំសាក មិនហ៊ានចូលមកទេ ពីព្រោះគុកនៅរង់ចាំស្វាគមន៍ទណ្ឌិតនេះគ្រប់ពេល ឲ្យតែឃើញក្បាល គឺគ្រឹបតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post