header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមិនអនុញ្ញាតឲ្យមានការចាក់ដីរំលោភចូលសមុទ្រ បង្កឲ្យទឹកកកខ្វក់ និងមានសំរាមជាដាច់ខាត ក្នុងនោះសម្តេច ក៏បានបញ្ជាឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមគ្នាពិនិត្យលើករណីទាំងអស់នេះ។

សម្ដេចតេជោ បានថ្លែងបែបនេះ ក្រោយកើតមានករណីចាក់ដីរំលោភចូលសមុទ្រ ដោយគ្មានការអនុញ្ញាតជាបន្តបន្ទាប់ ពីសំណាក់ក្រុមខិលខូចមួយចំនួន។ សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានចាក់ដីរំលោភចូលសមុទ្រនោះទេ អ្នកចាក់ដីរំលោភចូលសមុទ្រ ដោយគ្មានការអនុញ្ញាត អាចប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ ហើយសម្តេច ក៏បានគាំទ្រឲ្យមានវិសោធនកម្មដាក់ទោសទណ្ឌអ្នកប្រព្រឹត្តខុសច្បាប់ផងដែរ។

ក្នុងពិធីបើកបុណ្យសមុទ្រ នៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ០១៨នេះ សម្តេចតេជោ បានបញ្ជាលោក ជា សុផារ៉ា និងលោក ថោង ខុន ត្រូវរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរឲ្យស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ សម្តេចបន្តថា “ការកសាងកន្លែងជម្រោះទឹកកខ្វក់ ហើយមុនដំបូងខិតខំពន្លឿននៅក្នុងខេត្តព្រះសីហនុ បញ្ចៀសការបង្ហូរទឹកកខ្វក់ និងសំរាមចូលទៅក្នុងសមុទ្រ។ ចំណុចនេះ ជាចំណុដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវបន្តភាពម៉ឺងម៉ាត់ជាមួយនឹងឯកឧត្តម ថោង ខុន ដើម្បីធ្វើកិច្ចការងារនេះ ជាមួយបណ្តាខេត្តជាប់ពាក់ព័ន្ធ”

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា “ក្នុងនោះហាមដាច់ខាត មិនឲ្យចាក់ដីចូលក្នុងសមុទ្រដោយគ្មានការអនុញ្ញាត។ ចំណុចនេះ អស់លោកត្រូវធ្វើឲ្យចំ ធ្វើជាប្រចាំ ដោយមិនអាចធ្វើការធ្វេសប្រហែសទេ។ យើងចង់បានការអភិវឌ្ឍហើយ ក៏ប៉ុន្តែការអភិវឌ្ឍណាមួយ ដែលយើងមិនអាចគ្រប់គ្រងបាន មិនអាចបណ្តែតបណ្តោយបានទេ”

សម្តេចតេជោ បន្ថែមថា បានទទួលរបាយការណ៍នានា ពីលោក ជា សុផារ៉ា អំពីទុនបន្ថែម ធ្វើលូបង្ហូទឹកនៅខេត្តព្រះសីហនុ ដូច្នេះត្រូវខិតខំជំរុញគម្រោងនេះ ប៉ុន្តែអ្វីដែលសម្តេច ចង់បាន គឺត្រូវធានាថា រាល់ទឹកកខ្វក់មិនត្រូវបង្ហូរចូលក្នុងសមុទ្រជាដាច់ខាតនាពេលអនាគត។ ការអភិវឌ្ឍនៅលើគោក តែបែរជាបំផ្លាញទឹកសមុទ្រ តើមានន័យអ្វីទៀត គឺមិនខុសពីការបំផ្លាញសមុទ្រទេ។

សម្តេចបន្តថា “សម្រាម និងទឹកកខ្វក់កាន់តែច្រើនឡើងៗ ធា្លក់ចូលក្នុងទឹកសមុទ្រ ដែលត្រូវខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាឲ្យសមុទ្ររបស់យើង ក្លាយទៅជាសមុទ្រ ដែលស្អាត ហើយដែលយើងអាចចុះមុជទឹក ទេសចរណ៍ចុះមុជទឹកនៅក្នុងសមុទ្ររបស់យើង ដោយមិនភ័យខ្លាចអំពីជំងឺតម្កាច់ ដែលត្រូវឆ្លង ដែលបណ្តែតមកតាមទឹកនោះឯង”

នាយករដ្ឋមន្រ្តី បានអះអាងថា “កន្លែងហាមមិនចាក់បែរជាគេចាក់ ត្រូវមានវិធានការម៉ឺងម៉ាត់ ហាមដាច់ខាតនាពេលខាងមុខនេះ ហើយក៏ត្រូវមានទោសទណ្ឌដែរ ប្រសិនបើត្រូវការវិសោធនកម្មច្បាប់ និងបន្ថែមច្បាប់ ខ្ញុំគាំទ្រឲ្យមានការដាក់ទោសទណ្ឌជាមួយអ្នកដែលបំពានទៅលើការចាក់ដីទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត”

ជាមួយគ្នានេះ ក្រោយពីខេត្តព្រះសីហនុ ក្នុងមួយរយៈពេលចុងក្រោយ ហាក់បានធ្លាក់មុខមាត់យ៉ាងខ្លាំងនោះ សម្តេចតេជោ ក៏បានបញ្ជាអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ស្តារឡើងវិញ នូវកិត្តិយសដែលបានធ្លាក់ចុះដោយកត្តាសត្យានុម័ត និងកត្តាអត្តនោម័ត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “អភិបាលខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញ នូវកិត្តិយសដែលបានធ្លាក់ចុះ ដោយកត្តាសត្យានុម័ត និងកត្តាអត្តនោម័តឡើងវិញ”

សម្តេចតេជោ បញ្ជាក់ថា នៅពេលសម្តេច មានប្រសាសន៍បែបនេះរួចហើយ កុំឲ្យឮពាក្យនិយាយថា សម្តេច ធ្វើតាមសម្ដីអ្នកនេះអ្នកនោះឲ្យសោះ ព្រោះសម្ដីដែលសម្តេច បញ្ជាក់ឡើងនាពេលនេះ មិនបានគាំទ្រទៅលើក្រុមអ្នកលេងហ្វេសប៊ុកមួយក្រុមណានោះទេ ហើយក៏កុំយកសម្ដីសម្តេចទៅវាយប្រហារគ្នាដែរ ព្រោះសម្តេច មិនបានដឹងថា ពួកអ្នកលេងហ្វេសប៊ុកនិយាយពីអ្វីខ្លះនោះទេ។

សម្តេច បានលើកជាឧទាហរណ៍ថា មានគេលើកឡើងថា សម្តេចនាយក បញ្ជាឲ្យចាប់អ្នកនាងខ្ញុង ព្រោះមិនដឹងខ្ញុងនិយាយពីអ្វីផង (ខ្ញុងនិយាយរិះគន់ខេត្តព្រះសីហនុ)។

នាយករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅក្រុមអ្នកលេងហ្វេសប៊ុកថា បើចង់លេងអ្វីលេងទៅ។ សម្តេចថា “តែកុំយកសំដីខ្ញុំទៅថា កាន់ជើងអ្នកនេះ អ្នកនោះ លោកចង់វៃគ្នាទៅណាវៃគ្នាទៅនោះទៅ។ តែខ្ញុំធ្វើការពិតប្រាកដ ខ្ញុំបញ្ជាទៅលើរដ្ឋបាលសាធារណៈ បញ្ជាកំលាំងអាវុធ រឿងនៅខេត្តព្រះសីហនុ រឿងវាមិនធំទេ ប៉ុន្តែគេធ្វើដូចជាព្យុះស៊ូណាមិមួយបានកើតឡើងនៅខេត្តព្រះសីហនុ”

សម្តេចថា ពីមុនអត់មានតំបន់ទេសចរណ៍ច្រើន បានជាមកប្រមូលផ្តុំគ្នានៅខេត្តព្រះសីហនុ តែឥឡូវនេះ តំបន់ទេសចរណ៍ មានការប្រកួតប្រជែងគ្នាខ្លាំង គ្រាន់តែតំបន់មាត់សមុទ្រ ទើបពលរដ្ឋបានសម្រុកទៅលេងកម្សាន្តនៅតំបន់ផ្សេងៗទាំងនោះវិញ។

សម្តេចក៏បានស្នើឲ្យបញ្ហាសន្តិសុខត្រូវតែការពារឲ្យបានរឹងមាំទៅលើមនុស្សទាំងអស់ ដែលឈរជើងនៅលើទឹកដីកម្ពុជា។

សម្ដេចតេជោ ក៏បានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែអនុវត្តច្បាប់របស់កម្ពុជា ចំពោះជនបរទេសគ្រប់រូប ដែលរស់នៅ និងធ្វើអាជីវកម្មលើទឹកដីកម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យបង្រ្កាបដោយមិនរើសមុខ ចំពោះអ្នកប្រព្រឹត្តខុសច្បាប់ដោយគ្មានករណីលើកលែងនោះទេ ទោះអ្នកនោះប្រើប្រាស់រថយន្តពាក់ស្លាលេខ ខ.ម ឬស្លាកលេខអ្វីក៏ដោយ ឬក៏ផ្កាយប៉ុន្មានក៏ដោយ។ ក្នុងឱកាសនោះដែរ សម្តេច ក៏បានលើកឡើងពីករណីការកាត់តវិដេអូកាប់វាយប្រហារគ្នាដូចរឿងកុនហុងកុងផងដែរ។

ពាក់ព័ន្ធខេត្តកោះកុងវិញ ស្របពេលខេត្តកំពុងក្លាយជាតំបន់មានសក្តានុពលខ្លាំង ទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍ ដោយសារតែកត្តាភូមិសាស្ត្រ អំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងនោះ នាយករដ្ឋមន្រ្តី បានបង្ហាញក្ដីរំពឹងថា បន្ទាប់ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ និងព្រលានយន្តហោះ ត្រូបានសាងសង់រួចរាល់ជាស្ថាពរ ខេត្តកោះកុង នឹងក្លាយជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ឬអាចជាប់ចំណាត់ថ្នាក់លេខ២។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា នឹងមិនអត់ឱនឲ្យក្រុម ដែលចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជា កំពុងមានសព្វថ្ងៃនេះទេ។ សម្ដេចតេជោ ក៏បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់តភ្ជាប់ផ្លូវពីខេត្តកោះកុង ទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នឹងត្រូវធ្វើនៅពេលខាងមុខ ដើម្បីធានាដល់ការដឹកជញ្ជូន និងធ្វើដំណើរ។

ក្នុងឱកាសបុណ្យសមុទ្រ ប្រតិកម្មទៅនឹងការលើកឡើងពីតម្លៃផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តព្រះសីហនុ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជារឿងក្រឹត្យក្រមទីផ្សារ ដែលអ្នកមានលុយច្រើនស្នាក់នៅសណ្ឋាគារថ្លៃៗ លំដាប់ផ្កាយ៥។ ចំណែកអ្នកមានលុយតិច ស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់ដែលមានតម្លៃថោកៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post