Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨  បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះពិនិត្យប្រពន្ធ័ភ្លើងតាមបណ្ដោយមហាវិថីឈ្នះឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បន្ទាប់ពីតុបតែង និងស្ថាបនារួច នៅតំបន់វិមានឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំ ពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

តាមគម្រោងវិមានឈ្នះឈ្នះ ត្រូវសម្ពោធរយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានអុចកាំជ្រួចបែប3D នាពេលរាត្រីផងដែរ ។

សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធី សម្ភោធ និង ឆ្លងឆ្នាំសកល នៅវិមានឈ្នះ ឈ្នះ ខាងលើ ក៏មានស្តង់ដាក់តាំង បង្ហាញតាមក្រសួងនានា និង ផលិតផលផ្សេងៗប្រមាណ៦០០ស្តង់ ។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់យកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ទុកជាមរតក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះសាង សង់លើផ្ទៃដីសរុបចំនួន ៨ ហិចតាស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​ជម្រាប​ជូន​អំពី​លទ្ធផល​ការ​ងារ​ដែល​ក្រុម​ការ​ងារ​សាង​សង់​បាន​ធ្វើ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​  ដូច​ជា​ការ​ងារ​ចំលាក់ ​ការ​រៀប​ចំ​សារមន្ទីរ​ ការ​រៀប​ចំ​តាំង​ពិព័រណ៌​តំបន់​សមិទ្ធផល​ ការ​រៀប​​ចំ​តំឡើង​សម្ភារះ​អាង​បាញ់​ទឹក​ នឹង​សកម្មភាព​ផ្សេង​ៗ​ទៀត​ ដែល​មាន​ការ​មមា​ញឹក​បំផុត​។

គួររំលឹកផងដែរថា សម្តេច​វិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្លាប់បានមានប្រ​សាសន៍ថា វិមាន ឈ្នះ-ឈ្នះ បាន​សាង​សង់​ឡើង​ដោយ​ស្នា​ដៃ​កូន​ខ្មែរ​សុទ្ធសាធ ដែលបញ្ជាក់ពី ​គុណ​តម្លៃ ​សន្តិភាព ​និង​ការ​បញ្ចប់​សង្រ្គាម​ តាម​រយៈ​នយោបាយ​ ឈ្នះ ឈ្នះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ​ទូ​ទាំង​ប្រទេស​  ហើយ​សន្តិភាព​បាន​ចែក​រំលែក​ដល់​យើង​ទាំង​អស់​គ្នា​ គ្រប់​ទិស​ទី ​នឹង​នាំ​មកនូវ​ការ​រីក​ចម្រើន​លូត​លាស់​ លើ​គ្រប់​វិស័យ​។

សម្ដេច​ពិជ័យ​សេនា​បាន​អោយ​ដឹង​ទៀត​ថា​​ យើង​នឹង​បន្ត​ការ​ងារ​សាង​សង់​ស្តូប ​ឈ្នះ! ឈ្នះ! ដែល​តំណាង​ឲ្យ​សន្តិភាព ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​ទី៣ ​ទី​៤​ និង​ទី​៥ ​បន្ត​ទៀត​។​ ​សំណង់​វិមាន ​ឈ្នះ-ឈ្នះ ​នេះ​ នឹង​បើក​ទូលាយ​ឲ្យ​សាធារណៈ​ជន ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ​ចូល​ទស្សនា​ បន្ទាប់​ពី​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ភោធ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor