header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក​ កែវ​ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក មិនមែនជាបិតាប្រជាធិបតេយ្យនោះទេ ហើយបើនិយាយអំពី​សិទ្ធិមនុស្សវិញ កម្ពុជា មានភាពល្អប្រើសើរជាងអាមេរិក​។

ការលើកឡើងរបស់លោក កែវ រ៉េមី ធ្វើឡើង​នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ​ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ "រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស" ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ​នៅសាលមហោស្រពកោះពេជ្រ។

លោក​ កែវ​ រ៉េមី​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​បញ្ជាក់យ៉ាងដូច្នេះថា "សហរដ្ឋអាមេរិក មានបងប្អូនប្រជាជនខ្មែរយើងខ្លះ លោកមានការយល់ច្រឡំថា ជាបិតាប្រជាធិបតេយ្យ តាមពិតមិនមែនទេ។ បញ្ហាច្រើនណាស់"

លោក​​ កែវ រ៉េមី បានលើកទិន្នន័យមួយ​ពីអង្គការសង្គមស៊ីវិលអាមេរិក ដើម្បីបញ្ជាក់បន្ថែម។ បើតាម​លោក​ កែវ រ៉េមី អង្គការនោះ បានឲ្យដឹងថា ប្រជាជនអាមេរិក​ ស្មើនឹង៥ភាគរយ នៃប្រជាជននៅលើសកលលោក។ ក៏ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារ មិនមែនតួលេខ៥ភាគរយ ដូចប្រជាជនលើសកលលោកទេ គឺ២៥ភាគរយ ស្នើនឹងចំនួនអ្នកជាប់គុកទូទាំងសកលលោក។

លោកថា បើគិតអត្រា​នៃអ្នកជាប់គុកនៅអាមេរិក គឺខ្ពស់មែនទែន ហើយបើគិតជាតួលេខ គឺ២.៤លាននាក់ បើគិតជាប្រជាជននៅរាជធានីភ្នំពេញ ប្រហាក់ប្រហែលនៅទីក្រុងភ្នំពេញ។

លោក កែវ រ៉េមី បានបន្តថា គេសង្កេតឃើញទៀតថា អ្នកជាប់គុកនៅសហរដ្ឋអាមេរិក៦០ភាគរយ សម្បុរមិនមែនពណ៌សទេ គឺដូចជាស្បែកខ្មៅ ម៉ិចស៊ីកូ និងអាស៊ី។

លោក កែវ រ៉េមី គូសបញ្ជាក់ដែរថា ចំណែក​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួន នៅទ្វីប​អាស៊ី នៅអឺរ៉ុប ជាពិសេសបើប្រៀបធៀបនឹងអាមេរិក។ ជាមួយគ្នានេះ សន្តិភាព​ គឺជាគន្លឹះមួយ នៃការដែលនាំឲ្យសិទ្ធិមនុស្ស កាន់តែត្រូវបានលើកកម្ពស់។

លោកបញ្ជាក់បន្ថែមថា "មានប្រជាពលរដ្ឋ សួរខ្ញុំតាម Facebook ថា កម្ពុជា មានសិទ្ធិមនុស្សទេ? មានការគោរពសិទ្ធិមនុស្សអត់? ខ្ញុំឆ្លើយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរណាស់ ប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួន នៅអាស៊ី នៅអឺរ៉ុប នៅអាមេរិក ស្ថានភាពរបស់យើង មានលក្ខណៈល្អប្រសើរ។ អញ្ចឹងខ្ញុំ សូមជម្រាបជូនទៀតថា កត្តាសន្តិភាព គឺជាគន្លឹះមួយនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post