header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រោងចក្រកែច្នៃប្រេងខ្មៅផលិតទៅជាប្រេងម៉ាស៊ូត ត្រូវបានបង្ក្រាបដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ។ 

ដោយមានការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ មន្ត្រីជំនាញ នាវេលាម៉ោង១៣:៥០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរឧស្សហកម្មខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដោយមានដីកាអនុញ្ញាតពីសាលាដំបូងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្រា្កបករណីផលិតកែច្នៃប្រេង គ្មានច្បាប់អនុញ្ញាត នៅចំណុចក្នុងរោងចក្រភូមិតំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានអ្នកទទួលខុសត្រូវ០២នាក់ ឈ្មោះ ច្រិច វ៉ាន់ថន ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ និងឈ្មោះ ថន សេងលី ភេទប្រុសអាយុ៣០ឆ្នាំ សញ្ជាតិ ខ្មែរ។

ក្រោយពីការត្រួតពិនិត្យជាក់ស្តែងរួចមក សមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញៈ ធុងខៀវម៉ាក (Interrox ST50) ចំនួន៥៤ធុង (១ធុងទម្ងន់ ៣៥គីឡូក្រាម), ធុងអាស៊ីតព៌ណប្រផេះ(គ្មានម៉ាក)ចំនួន១១០ធុង(១ធុងទម្ងន់១៥ គីឡូក្រាម), ធុងស្តុកប្រេងម៉ាស៊ូត ចំនួន២៤ធុង (១ធុងចំណុះ ៤០០លីត្រ), ស៊ីទែនស្តុកប្រេងម៉ាស៊ូតធំ ចំនួន០៤ស៊ីទែន (១ស៊ីទែន ចំណុះ ១៥.០០០លីត្រ), ស៊ីទែនស្តុកប្រេងម៉ាស៊ូតតូច ចំនួន០៣ស៊ីទែន (១ស៊ីទែន ចំណុះ ៣.០០០លីត្រ), រថយន្តស៊ីទែន០៣គ្រឿង ម៉ាក HYUNDAI ព៌ណស ស្លាកលេខ ភព. 3A-9086 មានចំណុះ ១៦.០០០លីត្រ របស់ក្រុមហ៊ុនសាវីម៉ិច, រថយន្តម៉ាកកាម៉ាស ព៌ណប្រផេះ ស្លាកលេខ ក-2487 ភព3 មានចំណុះ ១៦.០០០លីត្រ និងរថយន្តកូរ៉េ ព៌ណសលាយខៀវ ស្លាកលេខ ភព 2D. 1953 មានចំណុះ ២.៥០០លីត្រ, គោយន្តកែច្នៃ ០១គ្រឿង ពណ៌ទឹកក្រូច គ្មានស្លាកលេខ, ឡចំហុយចំនួន ០២, អាងទឹកស្អំចំនួន ០១ និងសម្ភារបម្រើការងារកែច្នៃប្រេងខ្មៅមួយចំនួនទៀត ។

ក្រោយការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង អ៊ូ ផាត បានសម្រេចឲ្យរោងចក្រផ្អាកដំណើរការកែច្នៃប្រេងខ្មៅជាបណ្តោះអាសន្ន និងដកហូតសម្ភារទាំងអស់ខាងលើរក្សាទុកក្នុងទីតាំងរោងចក្រ លើកលែងតែរថយន្តម៉ាក HYUNDAI ពណ៌ស ស្លាកលេខភ្នំពេញ​ 3A-9086 មានចំណុះ ១៦.០០០លីត្រ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post