
ភ្នំពេញៈ យុវជនម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បើកគៀរនិងកិន ខណៈជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិត្រឡប់ទៅកន្លែងស្នាក់នៅវិញ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖០៥នាទីទៀបភ្លឺឈានចូលថ្ងៃសៅរិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ លើកំណាត់ផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ (ស្លាប់)ឈ្មោះ សុខ ស៊ីណាត ហៅ ប៊ូន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល អ្នករួមដំណើរពីក្រោយឈ្មោះ ហុក ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិ ឃុំជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1F-9180 ។
តាមសម្ដីជនរងគ្រោះម្នាក់ ដែលរងរបួសស្រាលបានរៀបរាប់ទាំងតក់ស្លុតប្រាប់អោយភ្នាក់ងារសារព័ត៌មាន ខេមប៉ុស្តិ៍ដឹងថា មុនពេលកើតហេតុ រូបគេទាំងពីរនាក់បានទៅលេងផ្ទះមិត្តភក្តិនៅម្តុំលូប្រាំ រួចបានហូបចុកជាមួយគ្នាបន្តិចបន្តួចប៉ុណ្ណោះ លុះនាំគ្នាហូបចុករួចហើយ ពួកគេបាននាំគ្នាទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្តោយផ្កូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2181 ធ្វើដំណើរមកពីក្រោយ ហើយបានគៀរម៉ូតូរបស់ពួកគេ បណ្តាលឲ្យដួលរួចកិនមិត្តភក្តិរបស់គេម្នាក់ជាអ្នកឌុបបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ ចំណែករូបគេខ្ទាតចេញឆ្ងាយរងរបួសស្រាល។ ក្នុងនោះដែរ តៃកុងរថយន្តបង្កបានឈប់ ហើយទុករថយន្តចោល និងរត់គេចខ្លួនបាត់ស្រមោល ទើបមានអ្នកឃើញហេតុការណ៍ខឹងសម្បារបញ្ចេញកំហឹង យកដុំថ្មទៅគប់កញ្ចក់រថយន្តខាងមុខ បណ្ដាលឲ្យបែកខ្ទេច រួចជិះចេញទៅបាត់។
ចំណែកឯយុវជនដែលរងរបួសស្រាល កំពុងតក់ស្លុតនឹងហេតុការណ៍ដ៏រន្ធត់នៅចំពោះមុខពេក ខណៈទូរស័ព្ទអត់លុយ តេទៅរកអ្នកផ្ទះមិនបាន ស្រាប់តែមានជនឆ្លៀតឱកាសមកលួងយកទូរស័ព្ទថាយកទៅបញ្ជូលលុយអោយ រួចក៏យកទៅបាត់ឈឹងទៀត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ក៏ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕








