header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា មេសហជីពចំនួន៣នាក់ មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងដែលកើតឡើងនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ កន្លងមកនោះទេ។

សម្តេចតេជោ បានបញ្ជាក់នៅចំពោះកម្មករ-កម្មការិនី ប្រមាណ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ យ៉ាងដូច្នេះថា “ខ្ញុំសូមអះអាងថា មេសហជីព៣នាក់ គឺអាន់ ធន់, ប៉ាវ ស៊ីណា, ជា មុនី មិនពាក់ព័ន្ធនឹងរឿងនៅផ្លូវវេងស្រេងនោះទេ”។

សម្តេចតេជោ បានអះអាងទៀតថា មូលដែលអ្នកទាំងមេសហជីពទាំង៣នាក់ មិនចូលពាក់ព័ន្ធនោះ ដោយសារតែសម្តេចមានសាក្សីដោយឲ្យលោក កែវ រ៉េមី ប្រាប់ទៅលោក ជា មុន្នី កុំឲ្យចូលរួមនៅនៅផ្លូវវេងស្រេង។ លោក សយ សុភាព ប្រាប់ទៅលោក ប៉ាវ ស៊ីណា ហើយសម្តេចបានវាត់អាប់ទៅកាន់លោក អាត់ ធន់ ផ្ទាល់ថា កុំជាប់ពាក់ព័ន្ធនឹងករណីបាតុកម្មនៅផ្លូវវេងស្រេង។

សម្តេចតេជោ បានបន្ថែមថា ប៉ុន្មានអាទិត្យមុននេះ ខ្ញុំបានឲ្យក្រសួងការងារ និងក្រសួងយុត្តិធម៌ពន្លឿនក្នុងការដោះស្រាយបញ្ហាសហជីពដែលជាប់ពាក្យបណ្តឹង។ ពន្លឿននេះមានន័យលើក លែងចោទប្រកាន់ទេ “ខ្ញុំបានស្នើសុំថា រឿងណាត្រូវជម្រះជម្រះទៅ រឿងណាទុកមិនចាត់ការអាហ្នឹងទុកទៅ នេះជាសមត្ថកិច្ចតុលាការ!”។ នេះការបញ្ជាក់ជាថ្មីរបស់ សម្តេចតេជោ។

សម្តេចតេជោ បានលើកឡើងថា “ម្សិលមិញ(១១ធ្នូ) តុលាការ បានប្រកាសសាលក្រម ៦នាក់ ជាប់ទោស ប៉ុន្តែទោសនោះត្រូវបានព្យួរទោស។ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ក៏ដូចជា សារមួយទៅកាន់សហជីព ឬក៏ទៅកាន់អ្នកទទួលផ្នែកច្បាប់ (ខ្ញុំគ្មានសិទ្ធិបញ្ជាផ្នែកច្បាប់ទេ)។ ករណីបាតុកម្មនៅផ្លូវវេងស្រេងជាអង្កហេតុ និងអង្គច្បាប់ ចំពោះអ្នកណាក៏ដោយ ឲ្យតែជាប់ពាក់ព័ន្ធត្រូវមានទោស (រឿងផ្លូវច្បាប់) ព្រោះផ្លូវវេងស្រេង គឺជារឿងធ្ងន់ធ្ងរណាស់ មានការស្លាប់មនុស្ស មានការខូចខាត់ទ្រព្យសម្បីត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន ដែលត្រូវមានទោសដាច់ខាត់ នេះជាអង្គហេតុរួម ព្រោះថា ជាអង្គហេតុនៃដំណើរផ្តួលរំលំរដ្ឋាភិបាល ហើយករណីដល់រំលាយគណបក្ស ហើយមនុស្សមួយចំនួន ត្រូវជាប់ឃុំឃាំង”។

សម្តេចតេជោ បានសង្កត់ទៀតថា ចំពោះករណីរឿងផ្លូវវេងស្រេង យ៉ាងដូច្នេះថា “ប៉ុន្តែ ករណីបុគ្គល ខ្ញុំហ៊ានអះអាងថា ករណីនេះមានមនុស្សបីនាក់ មិនជាប់ពាក់ព័ន្ធនោះទេ ទី១- ឈ្មោះ អាត់ ធន់, ទី២-ឈ្មោះ ប៉ាវ ស៊ីណា, ទី៣-ឈ្មោះ ជា មុន្នី មានភស្តុតាងថា ទាំង៣នាក់នេះ មិនជាប់ពាក់ព័ន្ធនោះទេ។ ត្រង់រឿង៣នាក់ផ្សេងទៀត ខ្ញុំមិនហ៊ានអះអាងទេ រឿង ជា មុន្នី គឺ កែវ រ៉េមី អាចធ្វើសាក្សី ដោយសារតែពេលម៉ោងប្រមាណ១២ ខ្ញុំបានទាក់ទងទៅ កែវ រ៉េមី ឲ្យទាក់ទងទៅ ជា មុន្នី កុំឲ្យជាប់ពាក់ព័ន្ធទេ, អាត់ ធន់ ត្រូវខ្ញុំបញ្ជូនសារតាម វ៉ាត់ អាប់ ហើយប៉ាវ ស៊ីណា ត្រូវខ្ញុំបាន សយ សុភាពថា កុំឲ្យចូលពាក់ព័ន្ធ។ អីញ្ចឹង ប៉ាវ ស៊ីណា, អាត់ ធន់ និង ជា មុន្នី អត់ជាប់ពាក់ព័ន្ធតំាងពីអើយ ៣នាក់ហ្នឹង ខ្ញុំអាចហ៊ានបញ្ជាក់”។

សម្តេច ក៏បានលើកឡើងថា ទោះបីជាមានការអះអាងក្តី ប៉ុន្តែរឿងច្បាប់មិនអាចឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញកាត់ឡើងវិញទេ គឺទាំង អាត់ ធន់, ប៉ាវ ស៊ីណា និង ជា មុន្នី ឬអ្នកដទៃទៀត អាចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីហៅទាំងលោក កែវ រ៉េមី សួររឿង ជា មុន្នី សយ សុភាព សួរពាក់ព័ន្ធនឹង ប៉ាវ ស៊ីណា។ ប៉ុន្តែ ខ្ញុំឲ្យអ្នកទាំងឡាយអាចរកភស្តុតាង ដើម្បីបញ្ជាក់ប្រាប់តុលាការ អំពីការដែលមិនជាប់ពាក់ព័ន្ធរបស់ខ្លួន។

សម្តេច ក៏បានអះអាងថា សម្តេចមិនចង់ឲ្យមេសហជីព៣នាក់នេះ ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយដែលមានភាពស៊ាំញាំស្មុគស្មាន ក្នុងការផ្តួលរំលំរដ្ឋាភិបាលនោះទេ។ សម្តេចតេថា “បីនាក់ទៀត ខ្ញុំមិនដឹងទេ ប៉ុន្តែនេះ ខ្ញុំហ៊ានធានា អីញ្ចឹងឲ្យអ្នកទាំងបីនេះ! ប៉ុន្តែ តុលាការបានកាត់ក្តីរួចហើយ។ ប៉ុន្តែ កាត់យ៉ាងណាក្តី បើមិនយុត្តិធម៌ ត្រូវប្តឹងតវ៉ា បើយើងមិនជាប់ពាក់ព័ន្ធផង យើងថាជាប់ពាក់ព័ន្ធដែរ គឺមិនយុត្តិធម៌ទេ ខ្ញុំគ្រាន់តែបញ្ជាក់។ មិនចោទតុលាការដំបូងរាជធានីភ្នំពេញថា មិនយុត្តិធម៌នោះទេ”។

ប្រមុខរាជរដ្ឋាភិបាល ក៏គូសបញ្ជាក់ថា “ខ្ញុំអាចបញ្ជូន កែ រ៉េមី ទៅតុលាការសាកសួរទាក់ទងរឿង ជា មុន្នី បញ្ជូន សយ សុភាព ពាក់ព័ន្ធនឹង ប៉ាវ ស៊ីណា និង អាត់ ធន់ ហើយ អាត់ ធន់ រក្សាវាត់អាប់បានដែរ ឬទេ”។ យ៉ាងណាក្តី សម្តេចតេជោ បានអះអាងចំពោះរឿងផ្តួររំលំរដ្ឋាភិបាល មិនអត់ឱនឲ្យនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ក៏ធ្វើបែបនេះដែរ។

សូមជម្រាបថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ីម វណ្ណៈ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសសាលក្រម សម្រេចកែប្រែបទចោទលើប្រធានសហជីព ចំនួន៥នាក់ និងប្រធានសមាគមម្នាក់ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ តែទោសនេះត្រូវព្យួរ និងបង្គាប់ឲ្យរួមគ្នា សងសំណងទៅដើមបណ្ដឹងចំនួន២នាក់ ចំនួន៣៥លានរៀល។

សាលក្រមនេះ ប្រកាសកំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ជនជាប់ចោទទាំង៦នាក់ រួមមាន៖ ទី១-លោក អាត់ ធន់ ប្រធានសហជីពស៊ីកាឌូ។ ទី២-លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្រ។ ទី៣-លោក ជា មុន្នី។ ទី៤-លោកស្រី ម៉ម យឹម។ ទី៥-លោកស្រី យ៉ាង សោភ័ណ។ ទី៦-លោក ប៉ាវ ស៊ីណា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post