
ភ្នំពេញៈ មិនដែលប្រទះឃើញទេ នេះជាលើកទី១ហើយ ដែលប្រជាពលរដ្ឋប្រទះឃើញសពបុរស២នាក់ ម្នាក់អណ្ដែតទឹកទន្លេមេគង្គ និងម្នាក់សង្ស័យចូលឆក់ត្រីខុសបច្ចេកទេសស្លាប់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅតែមួយ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣រសៀលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ បានប្រាប់ឲ្យដឹងថា កាលវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋប្រទះឃើញសពនៅមាត់ទន្លេបាសាក់ សពបុរសម្នាក់នោះ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង៣០ឆ្នាំ មានពាក់អាវពណ៌សដៃវែង និងខោកំណាត់ខ្មៅជើងវែង ហើយសពរកចាំខាងបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យហើយបឋមដំបូងសន្និដ្ឋានស្លាប់ដោយលង់ទឹកស្លាប់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ បានប្រាប់ថា បុរសឈ្មោះ ជន ភារក្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករចាំដី ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុគាត់បានចូលឆ្ការព្រៃត្រែងដើម្បីយកដីដាំដើមចេករហូតដល់ផុតរបងថ្មកម្ពស់ជាង៣ម៉ែត្រ ក៏ក្លិនស្អុយ ហើយក៏ដើររកមើល ស្រាប់តែប្រទះឃើញសពមានខ្លួន តែអត់ក្បាលដោយសារសង្ស័យសត្វស៊ីអស់ ពាក់អាវយឺតក្រហមដៃខ្លី និងខោជើងវែង ពណ៌ខ្មៅ ក្រោយមកបានទូរស័ព្ទប្ដឹងថៅកែម្ចាស់ដើម្បីហៅសមត្ថកិច្ចចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យសព។
សមត្ថកិច្ចបន្តថា ក្រោយពីមានសេចក្ដីរាយការតាមរយៈទូរស័ព្ទម្ចាស់ដីឡូតិ៍ ប្រទះឃើញសពស្លាប់ក្នុងព្រៃត្រែង សមត្ថកិច្ចក៏ប្រញាប់ចុះមកកន្លែងកើតហេតុ រួចក៏ឃើញសព បុរសម្នាក់ អាយុប្រហែលជិត៣០ឆ្នាំ និងនៅក្បែរសព មានឧបករណ៍សម្រាប់ឆក់ត្រី ដងឫស្សីចងភ្ជាប់ជាមួយដែកចុងស្រួច ចំនួន២ដើម និងមានខ្សែភ្លើង សង្ស័យស្លាប់ពេលលោតចូលដីឡូតិ៍ ដោយពីមុនមានទឹកលិច ដើម្បីចូលឆក់ត្រី ហើយខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង។ តែយ៉ាងណា រង់ចាំការិយាល័យនគរបាលកោសល្យវិច្ឆ័យ ចុះមកត្រួតពិនិត្យជុំវិញកន្លែងកើតហេតុសិននិងសាកសួរបំភ្លឺកម្មករដែលលប្រទះឃើញសពមុនគេ។
សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ និងមានអមលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកពិនិត្យផ្ទាល់ ទី១សពដែលនៅប្រទះឃើញនៅច្រាំងទន្លេបាសាក់ សពដោយលង់ទឹកស្លាប់ មិនក្រោយ២រយៈពេល២ថ្ងៃ ស្ថានភាពមានសភាពហែមក្លិនស្អុយផង ហើយបច្ចុប្បន្នសពបុរសមិនទាន់មានក្រុមគ្រួសារ ឬអត្តសញ្ញាណរស់នៅភូមិណាស្រុកណាទេ ហើយសពបានយកមកតម្កល់នៅវត្តឫស្សីស្រស់ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីបូជាសព ក្នុងរយៈពេល១ថ្ងៃ បើរកមិនឃើញសាច់ញាតិ ។
ករណីទី២ នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ជាករណីមនុស្សឆក់ស្លាប់ (ឧបករណ៍សម្រាប់ឆក់ត្រី)សពបានស្គាល់ឈ្មោះ អ៊ុ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ យោងតាមស្រ្តីឈ្មោះ អ៊ុ រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ជាបងស្រីបង្កើតសព ដែលរស់នៅចម្ងាយពីកន្លែងកើតហេតុជាង២០០ម៉ែត្រ ប្រាប់ថា ប្អូនប្រុសគាត់បានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ មកម្លេះ ស្វែងរកមិនឃើញ ទើបផ្អើលប្រទះឃើញសព សមត្ថកិច្ចមកពិនិត្យ រួចក៏មកសាកសួរនាំសុំចូលមើលសព ទើបចំណាំសំលៀកបំពាក់បាន ទោះដាច់ក្បាលក៏ស្គាល់ដែរ រួចក៏ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយមិនបានប្ដឹងផ្ដល់ទៅលើបុគ្គលណានោះទេ៕









