header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនាថ្ងៃទី ២០ ធ្នូនេះថា កាលពីម្សិលមិញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានផ្តន្ទាទោសពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀលចូលថវិការដ្ឋ និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន ថា បានយកលុយទៅសូកប៉ាន់កញ្ញា ធី សុវណ្ណថា រហូតដល់ ១លានដុល្លារ ដើម្បីឲ្យនាងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយពិន័យជាប្រាក់ចំនួន១០លានរៀល បង់ចូលថវិការដ្ឋ និងបង្គាប់ឲ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះផងដែរ។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ផងដែល ដោយសម្រេចពិន័យប្រាក់ចំនួន ១០លានរៀលបង់ចូលថវិការដ្ឋ និងបង្គាប់ឲ្យ លោក សម រង្ស៉ី សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀលផងដែរ។

ពាក់ព័ន្ធក្នុងសំណុំរឿង បរិហារកេរ្តិ៍ មួយនេះ បានកើតឡើងបន្ទាប់ពីលោក សម រង្ស៊ី និយាយនៅក្នុងពិធីជួបសំណេះសំណាល ជាមួយសកម្មជន នៅប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ២០១៧ ដោយបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថា បានយកលុយទៅសូកប៉ាន់កញ្ញា ធី សុវណ្ណថា រហូតដល់១លានដុល្លារ ដើម្បីឲ្យនាងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post