header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី បានលួចផ្ញើសារទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំចរចាផ្នែកនយោបាយ។ ការលើកឡើងរបស់គណបក្សនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សកាន់អំណាច កំពុងភ័យស្លន់ស្លោ និងទាល់ច្រកនយោបាយ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី២០ ខែធ្នូនេះថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាឧបាយកលនយោបាយភូតកុហករបស់ទណ្ឌិត សម រង្ស៊ី នៅលើគោក។

លោកបន្តថា ក្រោយពេលដែលរដ្ឋសភាជាតិ បានអនុម័តវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអ្នកជាប់បម្រាមនយោបាយ បានធ្វើនយោបាយឡើងវិញ ទណ្ឌិត សម រង្សី មានការភិតភ័យយ៉ាងខ្លាំងខ្លាចបាត់បង់តួនាទីកាងរបស់ខ្លួន និងខ្លាចស្ថិតនៅឯកោតែម្នាក់ឯង ទណ្ឌិត សម រង្ស៊ី បានប្រើឧបាយកលប្រកាសថា មិនចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ឡើយ ដោយទុកឲ្យសម្តេច ចរចាជាមួយអន្តរជាតិចុះ។

លោកបញ្ជាក់ «ការប្រកាសនេះ របស់ទណ្ឌិត សម រង្ស៊ី គឺដើម្បីបំភាន់ភ្នែកអ្នកគាំទ្រខ្លួនផង និងជនបរទេសផង ឲ្យគេយល់ថា សម រង្ស៊ី នៅតែមានតួនាទីជាតំណាងមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ ហើយខ្លួនមានតួនាទីដោះស្រាយបញ្ហាជំនួសមុខ១១៨នាក់នេះបាន។ ប៉ុន្តែនៅពីក្រោយឆាក ទណ្ឌិត សម រង្ស៊ី​ បានលួចមកទាក់ទងជាមួយសម្តេចតេជោ ហ៊ុន សែន សុំចរចាជាមួយ​មួយសម្តេច ក្នុងនាម១១៨នាក់»

លោកបន្ថែមថា នេះជាឧបាយកលនយោបាយភូតកុហករបស់ សម រង្ស៊ី ដែលបង្ហាញច្បាស់នៅលើគោកលិបបាត់តែក្បាល តែគូថនៅលើគោក ដែលអ្នកណាក៏ដឹងដែរ។ សម រង្ស៊ី ប្រកាសចំហថា មិនចរចាជាមួយសម្តេច ហ៊ុន សែន ធ្វើបែបគ្រាន់បើ តែទណ្ឌិតរូបនេះ លួចទាក់ទងជាសម្ងាត់មកសម្តេច ដើម្បី​ខ្លាចបាត់តួនាទីជាតំណាងឲ្យ១១៨នាក់។ ប៉ុន្តែទោះទណ្ឌិត សម រង្ស៊ី ប្រើល្បិចយ៉ាងណា ក៏មិនអាចបិទបាំងឧបាយកលលើគោករបស់ខ្លួនបានដែរ។

អ្នក​នាំពាក្យគណបក្សកាន់អំណាចនេះ ក៏បានលើកឡើងថា ឧបាយកលនេះ បានបែកធ្លាយជាសាធារណៈរួចហើយ ហើយសម្តេចតេជោ ក៏បាន​ប្រកាសរួចហើយដែរថា ច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយមិនមែនសំដៅបម្រើឲ្យតែក្រុមណា ឬបុគ្គលណាមួយនោះទេ គឺមានអានុភាពអនុវត្តសម្រាប់គ្រប់អ្នកនយោបាយ និងគ្រប់គណបក្សនយោបាយ។ ហេតុនេះ សម រង្ស៊ី មិនមានមុខស្អីត្រូវមកកាងអ្នកនយោបាយដទៃបានឡើយ។

យ៉ាងណាក្តី ទោះបីជាលោក សុខ ឥសាន លើកឡើងថា វិសោធនកម្មច្បាប់គណបក្សនយោបាយ នឹងផ្តល់សិទ្ធិនយោបាយដល់អ្នកនយោបាយបក្សប្រឆាំងយ៉ាងណា ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើលោក កឹម សុខា នឹងត្រូវមានសេរីភាពក្នុងការធ្វើនយោបាយឡើងវិញនោះទេ។

គួររំឭថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា វិសោធនកម្មច្បាប់គណបក្សនយោបាយមិនមែន សំដៅទៅលើកបក្សនយោបាយណាមួយ ឬក្រុមណាមួយនោះទេ។ ក៏ប៉ុន្តែធ្វើនេះ គឺសំដៅទៅគណបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចបន្តថា ទាក់ទងនឹងអ្នកជាប់ពន្ធនាគារ ឬគុក គឺច្បាប់បានបើកផ្លូវឲ្យនាយករដ្ឋមន្ត្រី ធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសនៅពេលណាក៏បាន។ ប៉ុន្តែច្បាប់ស្តីពីគ ណបក្សនយោបាយ ដែលបក្សនយោបាយនោះត្រូវរំលាយ ហើយមេរបស់គេ ត្រូវបានហាម ឃាត់ក្នុងការធ្វើនយោបាយ មិនមានច្រកណាមួយបើកផ្លូវឲ្យនាយករដ្ឋមន្ត្រី ធ្វើការសុំលើក លែងទោសទេ ហើយជាផ្លូវច្បាប់សាលក្រមតុលាការកំពូលបានបិទផ្លូវតវ៉ា ដូច្នេះគ្មានផ្លូវចេញនោះទេ។ បើចង់ឲ្យតុលាការកាត់ក្តីឡើងវិញ គឺផ្ទុយនឹងសាលក្រមតុលាការកំពូលបិទផ្លូវតវ៉ាតែម្តង។

សម្តេចតេជោ គូសបញ្ជាក់ថា «អីចឹងអត់អាចសើររើរឿងក្តីបានទេ! អីចឹងជម្រើស តែនៅសល់បន្ទាប់ពីការសិក្សាគ្នារួចមក គឺនៅមានជម្រើសពាក់ព័ន្ធតែមួយ នឹងបើកច្រកឲ្យនាយកមន្ត្រីស្នើថ្វាយព្រះមហាក្សត្រក្នុងការស្នើសុំដកបម្រាមធ្វើនយោបាយឲ្យអ្នកនយោបាយឡើងវិញ»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post