header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងខេត្តកំពត បានអះអាងថា មកដល់ពេលនេះតម្លៃទីផ្សារអចលនទ្រព្យ ពិសេសដីធ្លី នៅមិនទាន់ឈានឡើងដល់ចំណុចកំពូល ឬនៅទ្រឹងនៅឡើយទេ ហើយវានៅតែឡើងថ្លៃជាបន្តបន្ទាប់ទៀត ដ៏រាបណាតម្លៃសេដ្ឋកិច្ចសាកល ពិសេសតម្លៃសេដ្ឋកិច្ចកម្ពុជា នៅតែបន្តកើនឡើងតាមផែនការ របស់រាជរដ្ឋាភិបាល។

ពីរឆ្នាំចុងក្រោយនេះ ពិសេសឆ្នាំ២០១៨នេះ តម្លៃដីនៅក្នុងខេត្ត និងក្រុងកំពតបានឡើងដល់ ចន្លោះពី ៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះបានកើនឡើងរាប់រយដងបើធៀប កាលពីជាង១០ឆ្នាំមុន ហើយមជ្ឈដ្ឋានមួយចំនួន បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ដីក្នុងខេត្ត ក៏ដូចជាក្រុងកំពតមិនអាចហក់ឡើងទៅមុខទៀតបានទេ មានតែធ្លាក់ចុះមកវិញ។ ប៉ុន្តែតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យថា តម្លៃទីផ្សារដីក្នុងខេត្ត និងក្រុងកំពតមិនមានថ្ងៃធ្លាក់ចុះទេ វានៅតែបន្តកើនឡើងជាដំដាប់។

លោក ងៀប វ័យគៀរ ភ្នាក់ងារផ្នែកលក់ របស់ក្រុមហ៊ុនអចលនទ្រព្យ ប្ល៊ូស្តា បានប្រាប់ឲ្យដឹងថា ឆ្លងកាត់បទពិសោធន៍លើវិស័យនេះ ជាង១៤ឆ្នាំ ដែលក្រុមហ៊ុនបានចាប់ផ្តើមបើកទ្វារបម្រើសេវាកម្មដលអតិថិជន បានសង្កេតឃើញថា ទីផ្សារដីក្នុងខេត្តឡើងថ្លៃជាដំណាក់កាលៗទៅមុខរហូត ហើយមានការធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ កាលពីឆ្នាំ២០០៩ និងដើមឆ្នាំ ២០១០ ដោយសារតម្លៃសេដ្ឋកិច្ចរបស់ពិភាពលោកមានការធ្លាក់ចុះ។ ចាប់ពីឆ្នាំចុងឆ្នាំ២០១០មក សេដ្ឋកិច្ចបានងើបឡើងវិញ ហើយទីផ្សារដីបានកើនឡើងជាលំដាប់ទាប ឬខ្ពស់ អាស្រ័យទៅតាមតំបន់ដែលមានសកត្តានុពល និងតំបន់ដាច់ស្រយ៉ាលជាដើម។

លោកបានបន្តថា រយៈពេលជាង១០ឆ្នាំនេះ តម្លៃទីផ្សារដី បានកើនឡើងខ្ពស់ខ្លាំង ខុសគ្នារាប់រយដង ព្រោះកាលមុន តម្លៃដីក្នុងក្រុងល្អៗ មួយការ៉េ តម្លៃចន្លោះពី២០ ទៅ៣០ដុល្លា ប៉ុន្តែបច្ចុប្បន្នដីឲ្យតែនៅក្នុងក្រុងតម្លៃចន្លោះពី ៥០០ ទៅ១០០០ដុល្លា។ បើទោះជាតម្លៃនេះបានហក់ខ្ពស់ក៏ពិតមែន ប៉ុន្តែមិនទាន់ឡើងដល់ចំណុចកំពូល ឬចំណុចទ្រឹងនៅឡើយទេ  ដីនឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ទៀត តាមដំណាក់កាលៗ តទៅមុខទៀត។

ភ្ញាក់ងារទិញលក់អចលនទ្រព្យដដែលនោះបានគូសបញ្ជាក់អំពីហេតុផលដែលដីនៅតែបន្តឡើងថ្លៃថា  យោងតាមស្ថេរភាពនយោបាយរបស់កម្ពុជា និយាយដោយឡែក បច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍របស់ខេត្តកំពតផ្ទាល់ជាកត្តាជំរុញដល់តម្លៃទីផ្សារដី កំពតមានកំពុងផែនអន្តរជាតិទឹកជ្រៅដែលកប៉ាល់នាវាធំៗអាចចូលចតបាន មានកំពុងផែនទេសចរអន្តរជាតិ  មានរោងចក្រផលិតស៊ីម៉ងតិ៍ធំជាងគេ មានទំនប់វារីអគ្គីសនី មានតំបន់ឆ្នេរកម្សាន្តដែលទើបនឹងបង្កើតថ្មី  ពិសេសការពង្រីកផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត, កំពត-ព្រះសីហនុ  នេះយើងមិនទាន់និយាយដល់សកត្តានុពលលើវិស័យផ្សេងៗជាច្រើនទៀតផង ។ ម្យ៉ាងវិញទៀត ផ្អែកតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកៀងគរ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេសផងនោះ តម្លៃដីនៅតែមានសន្ទុះអាចហក់ឡើងបន្តទៀត ។

អភិបាលក្រុងកំពត លោក លាង រឿនសុទ្ធី បានប្រាប់ឲ្យដឹងដែរថា ដោយសារស្ថេរភាពនយោបាយមានលក្ខណៈល្អប្រសើរ សន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់សង្គមល្អ ធ្វើឲ្យកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច ហើយពិសេស តម្លៃអចលនៈទ្រព្យ ដីធ្លី នៅខេត្តកំពតនៅតែបន្តកើនឡើងទៀត មិនមានថ្ងៃធ្លាក់ចុះទេ។

ខេត្តកំពតនៅមិនទាន់មានក្រុមហ៊ុន វិនិយោគបរទេសធំៗចូលមកបណ្តាក់ទន់ច្រើននៅឡើយទេ គឺមានក្រុមហ៊ុនក្នុងស្រុក ចិន និងកូរ៉េ ប្រមាណបួនប្រាំប៉ុណ្ណោះ ទើបចាប់ផ្តើមដំណើរការ ខណៈដែលក្រុមហ៊ុនបរទេសធំៗជាច្រើនទៀត បាននឹងកំពុងចុះមកសិក្សា ស្វែងរកទីតាំង និងសកត្តានុពល ដើម្បីធ្វើការវិនិយោគ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post