ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីពពោះជិតគ្រប់ខែម្នាក់ ខំសន្សំលុយបាន៣០០ដុល្លារ ទុកសម្រាលកូន ត្រូវក្រុមចោរមានគ្នា២នាក់ បានចូលធ្វើជាទិញបារីមួយកញ្ចប់ ឲ្យក្រដាស២០ដុល្លារ ពេលអាប់លុយខ្មែរអោយធ្វើកាយវិការ និងនិយាយជាភាសារចិន មិនយកលុយខ្មែរទេ។ នៅពេលជនរងគ្រោះទទួលលុយ២០$ពីជនជាតិចិននោះហើយ ជនរងគ្រោះហាក់ដូចជាមិនដឹងខ្លួនអ្វីទាំងអស់ ស្រាប់តែចូលទៅបន្ទប់ បើកកិះយកលុយ៣០០ដុល្លារ(ក្រដាស់១០០$) និង២០$ថែមទៀត ឲ្យទៅជនជាតិចិនទាំងអស់ ដោយមិនដឹងខ្លួនឈរស្រឡាំងកាំង និយាយស្តីមិនរួចទៅវិញ។
ករណីខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសម្តីស្ត្រីត្រូវជាម្តាយជនរងគ្រោះខាងលើ ឈ្មោះ យង់ រចនា បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ រូបគាត់បានមកពីផ្សារ ពេលមកដល់តូបលក់ដូរ ស្រាប់តែឃើញកូនមិនស្តីឈរស្រឡាំងកាំង ពេលដែលគាត់ស្រែកសួរកូន(ជាស្ត្រីពពោះ) ទើបបានភ្ញាក់ដឹងខ្លួន រួចភ័យឡើងញ័រ ពេលនោះគាត់សួរថា មានរឿងអីកូន ពេលនោះកូនរបស់គាត់និយាយថា មានគេដាក់ថ្នាំយកលុយអស់ហើយម៉ែ។
ប្រភពបានបន្តទៀតថា នៅពេលនោះគាត់សួរនាំកូនគាត់ ទើបដឹងសាច់រឿងដោយកូនគាត់ប្រាប់ថា មានមនុស្ស២នាក់និយាយភាសាចិន(ជនជាតិចិន) ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ចូលមកធ្វើជាទិញបារី ហើយពេលគេហុចលុយលែងដឹងខ្លួន សង្ស័យត្រូវដាក់ថ្នាំសណ្តំបញ្ជាអោយលុយកាក់អស់ចឹងទៅ។
ជនរងគ្រោះខាងលើក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ បើឃើញមានមនុស្សណាម្នាក់ គួរអោយសង្ស័យសូមកុំកាន់លុយរបស់គេ ត្រូវហៅប្តី ឬបងប្អូននៅជិត តាមមើលទៅជនខិលខូចនេះ មិនហ៊ានចូលនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះដែរ ជនរងគ្រោះសង្ស័យថា ជាក្រុមចោរមកដាក់ថ្នាំសណ្តំយកលុយ ហើយអ្វីគួរអោយចាប់អារម្មណ៍នោះ ករណីខាងលើ គឺជាជនជាតិចិន ហើយលុយដែលបានបាត់បង់នោះអស់ចំនួន៣០០ដុល្លារ ចំពោះជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ។
សូមបញ្ជាក់ផងដែរ ករណីសង្ស័យថាជនជាតិចិនដាក់ថ្នាំលុយអស់៣០០ដុល្លារកើតឡើងក្នុងថ្ងៃតែមួយជាមួយករណីជនជាតិចិនចូលចាក់សាំង ហើយគំរាមយកលុយអស់១លានរៀលនៅខាងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមរកមុខសញ្ញាក្រុមជនជាតិចិនទាំងអស់យកមកផ្តន្ទាទោសតាមច្បាប់ព្រោះដើរបង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្លូតត្រង់ផង៕